
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានច្រានចោលសេចក្តីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិក និងពង្រាងសេចក្តីសម្រេចគាំទ្រដោយរុស្ស៊ី ស្តីពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប។
ពង្រាងសេចក្តីសម្រេច ដែលយល់ស្របដោយសហរដ្ឋអាមេរិក បានទទួលស្គាល់សិទ្ធិពីកំណើតរបស់រដ្ឋទាំងអស់ និងគាំទ្ររាល់វិធានការចាំបាច់នានា ដូចជាការផ្អាកប្រយុទ្ធ ដើម្បីបុព្វហេតុមនុស្សធម៌ជាដើម ដែលអនុញ្ញាតឲ្យជំនួយចូលទៅកាន់តំបន់ហ្គាហ្សា។
ក្នុងចំណោមប្រទេសសមាជិកក្រុមប្រឹក្សាទាំង១៥ ប្រទេសចំនួន១០ ក្នុងនោះរួមទាំងសហរដ្ឋអាមេរិក និងប្រទេសជប៉ុនផង បានបោះឆ្នោតគាំទ្រពង្រាងសេចក្តីសម្រេច កាលពីថ្ងៃពុធ (ទី២៥ ខែតុលា)។ ប៉ុន្តែប្រទេសរុស្ស៊ី និងចិន បានប្រើអំណាចវេតូ ដើម្បីរារាំងសេចក្តីសម្រេច ដែលព្រាងឡើងនោះ។
ចំណែកពង្រាងសេចក្ដីសម្រេចដែលគាំទ្រដោយរុស្ស៊ី បានថ្កោលទោសការបិទច្រកតំបន់ហ្គាហ្សា ហើយបានស្វែងរកបទឈប់បាញ់ភ្លាមៗ សម្រាប់គោលបំណងមនុស្សធម៌។ រុស្ស៊ី ចិន អារ៉ាប់រួម និងហ្គាបុង បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ តែសហរដ្ឋអាមេរិក និងអង់គ្លេស បានបោះឆ្នោតប្រឆាំងសំណើនោះ។ រីឯប្រទេសសមាជិកចំនួន៩ បានផ្ដល់សំឡេងអនុបវាទ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការបដិសេធរបស់រុស្សី និងចិន ដែលមិនទទួលយកសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកនេះ។ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Vasily Nebenzya បានរិះគន់សចក្តីសម្រេចរបស់ប្រទេសមហាអំណាចទី១ លើពិភពលោកនេះ ដោយនិយាយថា ការស្នើនោះ នឹងធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងៗ ហើយមានបំណងពង្រឹងគោលនយោបាយមជ្ឈិមបូព៌ារបស់ខ្លួនច្រើនជាងជួយសង្គ្រោះជីវិតមនុស្ស៕