
នគរបាលអូស្ត្រាលី បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៦ តុលា) នេះថា ក្រុមឧក្រិដ្ឋកម្មរបស់ចិន ត្រូវចោទប្រកាន់ថា បានលាងសម្អាតប្រាក់ចំនួន ២២៩លានដុល្លារអូស្ត្រាលី តាមរយៈអ្នកផ្ញើប្រាក់ដ៏ធំបំផុតមួយរបស់ប្រទេសនេះ បន្ទាប់ពីនគរបាលចាប់ខ្លួនសមាជិក ៧នាក់ នៃក្រុមឧក្រិដ្ឋកម្មនេះ កាលពីមួយថ្ងៃមុននោះ។
នគរបាលជាង ៣៣០នាក់ និងក្រុមអ្នកឯកទេសផ្សេងទៀត បានចេញដីកាស្វែងរកចំនួន ២០ នៅទូទាំងប្រទេសអូស្ត្រាលី ដើម្បីចាប់ខ្លួនមនុស្ស ៧នាក់នេះ កាលពីថ្ងៃពុធ (២៥ តុលា) ដោយរួមមានជនជាតិចិន ៤នាក់ នៅក្នុងប្រតិបត្តិការដ៏ធំមួយ ដែលពាក់ព័ន្ធនឹងកងកម្លាំងអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ផងដែរ។
នគរបាលបានចោទប្រកាន់ក្រុមឧក្រិដ្ឋកម្មចិនមួយឈ្មោះ Long River ថាបានលាងសម្អាតប្រាក់ចំនួន ២២៩លានដុល្លារអូស្ត្រាលី តាមរយៈទីភ្នាក់ងារប្តូរប្រាក់ Changjiang ដែលជាភ្នាក់ងារផ្ញើប្រាក់ឯករាជ្យធំបំផុតមួយរបស់ប្រទេស និងមានហាងរាប់សិបកន្លែងនៅទូទាំងអូស្រាលី ចន្លោះពីឆ្នាំ២០២០ និងឆ្នាំ២០២៣ នេះ៕