ភ្នំពេញ ៖ ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានស្នើភាគីពាក់ព័ន្ធ រួមគ្នាឆ្លើយតបជាមួយនឹងមេរោគអេដស៍ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ឈឹម ឃិនដារ៉េត បានស្នើបែបនេះ ក្នុងឱកាសពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងការបង្កើនបរិយាកាសគាំទ្រក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីកម្ពុជាឈានទៅលុបបំបាត់មេរោគអេដស៍ត្រឹមឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ។ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅក្នុងការ លុបបំបាត់មេរោគអេដស៍នៅកម្ពុជាក្នុងគោលដៅ ៩៥ -៩៥ -៩៥ នៅឆ្នាំ២០២៥ ហើយគោលដៅសកល លោកត្រឹមឆ្នាំ២០៣០។
ឯកឧត្តមថ្លែងថា យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) នៃក្រសួងសុខាភិបាល បានរាយការណ៍ថា ក្នុងឆ្នាំ២០២២ មានការរកឃើញករណី ឆ្លងថ្មីមេរោគអេដស៍ចំនួន ១៤០០ នាក់ ច្រើនជាងឆ្នាំ២០២១ ចំនួនបីរយនាក់។
ក្នុងចំណោម ១៤០០ នាក់ ដែលបានរកឃើញថា ឆ្លងថ្មីនៃមេរោគអេដស៍ គឺ ៨៣% ជាក្រុមប្រឈមមុខខ្ពស់ និងដៃគូរួមភេទរបស់ពួកគេ។ ក្នុងចំណោម ៨៣% នេះ គឺមានក្រុមបុរសរួមភេទជាមួយបុរសចំនួន៤០% ដែលស្ទើរតែស្មើនឹងពាក់កណ្ដាលទៅហើយ ក្នុងចំណោមក្រុមប្រឈមមុខខ្ពស់ ៨៣% នៃការថ្មីនៃមេរោគអេដស៍នេះ។
លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា បានឲ្យដឹងថា ជារួមក្នុងការឆ្លើយតបនឹងមេរោគអេស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព គឺត្រូវការការចូលរួមទាំងអស់គ្នាជាពិសេសក្រុមប្រជាជនគន្លឹះ ចូលរួមបង្ការមេរោគអេដស៍ទាំងអស់គ្នាដោយប្រើ ប្រាស់នូវស្រោមអនាម័យ និងឱសថប្រឹព ពួកគេត្រូវក្លាហានទៅទទួលសេវាតេស្តរកមេរោគអេដស៍ ប្រសិនបើពួកគេបានប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ និងទៅទទួលសេវាព្យាបាល និងថែទាំ ប្រសិនបើមានផ្ទុកមេរោគអេដស៍៕ អត្ថបទ៖ រដ្ឋា