
កម្រិតនៃការបំពុលខ្យល់នៅទីក្រុង New Delhi របស់ប្រទេសឥណ្ឌា ត្រូវបានកត់ត្រាក្នុងកម្រិត «មិនល្អ» នៅថ្ងៃព្រហស្បតិ៍ (២៦ តុលា) នេះ ខណៈអ្នកស្រុកបានស្តីបន្ទោសការដុតកម្ទេចដំណាំសម្អាតដី និងហេដ្ឋារចនាសម្ព័ន្ធសំណង់ដ៏ច្រើនសន្ធឹកសន្ធាប់ ថាជាមូលហេតុនៃការកើនឡើងកម្រិតបំពុលក្នុងទីក្រុង។
ទីភ្នាក់ងារត្រួតពិនិត្យគុណភាពខ្យល់ និងព្យាករណ៍អាកាសធាតុ SAFAR បានកត់ត្រាគុណភាពខ្យល់ក្នុងកម្រិត «មិនល្អ» នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងកម្រិតសន្ទស្សន៍កង្វក់ខ្យល់ដល់ទៅ ២១១។
រដ្ឋាភិបាលក្រុង Delhi បានអនុវត្តដំណាក់កាលទី២ នៃផែនការសកម្មភាពឆ្លើយតបតាមលំដាប់ថ្នាក់ (GRAP) ដើម្បីដោះស្រាយបញ្ហានេះ ដែលលើកទឹកចិត្តអ្នកធ្វើដំណើរឱ្យប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ និងជៀសវាងប្រើប្រាស់យានយន្តឯកជន ខណៈណែនាំរដ្ឋាភិបាលឱ្យបង្កើនលទ្ធភាពប្រើប្រាស់រថយន្តក្រុងអគ្គិសនី និងរថភ្លើងក្រោមដី។
ជាធម្មតា ផ្សែងអ័ព្ទដ៏ក្រាស់តែងកើតឡើងលើរដ្ឋធានីនៃប្រទេសឥណ្ឌាមួយនេះ ជារៀងរាល់រដូវរងា នៅពេលដែលខ្យល់ត្រជាក់ ខ្យល់បក់នាំយកធូលី ការបំភាយយានយន្ត និងផ្សែងពីការដុតកម្ទេចដើមដំណាំក្នុងរដ្ឋជិតខាង ដែលបណ្តាលឱ្យមានការកើនឡើងនៃជំងឺផ្លូវដង្ហើម ក្នុងចំណោមប្រជាជនជាង ២០លាននាក់ក្នុងទីក្រុងរបស់ប្រទេសឥណ្ឌាមួយនេះផងដែរ៕