
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលនិយាយថា ចំណាប់ថ្នូរមួយចំនួនធំ អាចនឹងត្រូវបានដោះលែងពីការចាប់ខ្លួនរបស់ក្រុម ហាម៉ាស ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ប្រព័ន្ធផ្សព្វផ្សាយធំមួយរបស់អ៊ីស្រាអែល ឈ្មោះថា Haaretz បានរាយការណ៍ពីព័ត៌មាននេះកាលពីថ្ងៃពុធ ដោយសំអាង «ប្រភពអ៊ីស្រាអែល និងបរទេសជាច្រើន ដែលដឹងពីការចរចាលើបញ្ហាចំណាប់ថ្នូរនេះ»។
របាយការណ៍នោះបាននិយាយថា យោងតាមប្រភពមួយបានឲ្យដឹងថា កិច្ចព្រមព្រៀងដោះដូរចំណាប់ថ្នូរនោះ អាចត្រូវបានបញ្ចប់ «ក្នុងរយៈពេលពីរថ្ងៃ ឬប្រហែលជាតិចជាងនេះ» អាស្រ័យលើដំណើរការនៃការចរចានោះ។
រដ្ឋាភិបាលអ៊ីស្រាអែល កាលពីថ្ងៃពុធបាននិយាយថា ជាងពាក់កណ្តាលនៃចំណាប់ថ្នូរ ដែលបានប៉ាន់ស្មានចំនួន ២២០នាក់ ដែលនៅតែឃុំខ្លួនដោយក្រុមហាម៉ាស ជាជនបរទេសមានលិខិតឆ្លងដែនមកពី ២៥ប្រទេសផ្សេងៗគ្នា។
នៅក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃពុធ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីនាំយកចំណាប់ថ្នូរត្រឡប់មកវិញ៕