
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយកាលពីថ្ងៃពុធថា វិបត្តិមនុស្សធម៌នៅហ្គាហ្សា បានឈានដល់ចំណុចដែលមិនធ្លាប់មានពីមុនមក។
ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬ UNRWA ដែលជាអ្នកផ្តល់ជំនួយមនុស្សធម៌ដ៏ធំបំផុត នៅក្នុងតំបន់ហ្គាហ្សា បានព្រមានថា ទីភ្នាក់ងារនេះ នឹងត្រូវបង្ខំឲ្យបញ្ឈប់ប្រតិបត្តិការទាំងអស់ នៅត្រឹមយប់ថ្ងៃពុធ លើកលែងតែប្រេងឥន្ធនៈ ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងហ្គាហ្សាបន្ទាន់។
OCHA បាននិយាយថា មន្ទីរពេទ្យនានា កំពុងបិទទ្វារ ដោយសារពួកគេខ្វះខាតប្រេងឥន្ធនៈ ទឹក ការផ្គត់ផ្គង់ពេទ្យ និងបុគ្គលិក។ ឥន្ធនៈកំពុងត្រូវបានកំណត់យ៉ាងធ្ងន់ធ្ងរសម្រាប់ចំនួនគ្រឿងបរិក្ខារសំខាន់ៗ ដែលជ្រើសរើស។ ម៉ាស៊ីនភ្លើងបម្រុងទុក មិនត្រូវបានរៀបចំឡើងសម្រាប់ប្រតិបត្តិការបន្ត ហើយមិនអាចដំណើរការបាន ។
OCHA បាននិយាយទៀតថា បុគ្គលិកUN បានទៅពិនិត្យមន្ទីរពេទ្យកាលពីថ្ងៃអង្គារ។ នៅក្នុងមន្ទីរពេទ្យមួយ ពួកគេបានកត់សម្គាល់ឃើញអ្នករបួសរាប់រយនាក់ទាំងបុរស ស្ត្រី និងកុមារ។ ពួកគេជាច្រើននាក់ បានសន្លប់ដោយមានរបួស ដេកលើគ្រែ ពូក និងនៅលើឥដ្ឋ ដោយមានការចូលរួមពីគ្រូពេទ្យ នៅមានកម្រិត។ នៅក្នុងទីធ្លានោះ មានតង់មួយដែលមានសាកសពរាប់សិបនាក់ រួមទាំងកុមារផង។ អ្នកស្លាប់ជាច្រើន ត្រូវបានរក្សាទុកនៅទីនោះ ដោយសារតែកន្លែងបញ្ចុះសព ត្រូវពេញអស់។