
ក្រសួងការបរទេសកូរ៉េខាងជើង បានចោទប្រកាន់អ៊ីស្រាអែលពីបទទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃទី១៧ ខែ តុលា ដោយនិយាយថា វាបានប្រព្រឹត្តដោយបើកចំហនូវឧក្រិដ្ឋកម្មសង្គ្រាម ក្រោមការគាំទ្រដោយមិនលាក់បាំងរបស់សហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថាអ្នកនាំពាក្យក្រសួង បានដាក់កំហុសលើសហរដ្ឋអាមេរិកសម្រាប់ការផ្តល់ភ្លើងខៀវដល់អ៊ីស្រាអែលដើម្បីសម្លាប់រង្គាលពលរដ្ឋប៉ាឡេស្ទីន រួមទាំងការដាក់ពង្រាយនាវាផ្ទុកយន្តហោះ ទៅកាន់មជ្ឈិមបូព៌ា។
អ្នកនាំពាក្យនិយាយថា បញ្ហានេះបង្ហាញថា សហរដ្ឋអាមេរិកគឺជាអ្នកសមគំនិតដែលមានផែនការ និងជំរុញការសម្លាប់រង្គាលរបស់អ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ពុំបានផ្តល់ភស្តុតាងដើម្បីគាំទ្រដល់ការអធិប្បាយរបស់ខ្លួននោះទេ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានអះអាងជាញឹកញាប់ប្រឆាំងទស្សនៈប្រទេសលោកខាងលិចលើបញ្ហាអន្តរជាតិ ជាពិសេសក្នុងចំណោមនោះគឺសហរដ្ឋអាមេរិក។
ក្រសួងសុខាភិបាលដំណើរការដោយក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្គាហ្សា បាននិយាយថាមនុស្ស៤៧១នាក់បានស្លាប់ ក្នុងការផ្ទុះនៅមន្ទីរពេទ្យ Al-Ahli al-Arabi កាលពីដើមខែនេះ។
ពលរដ្ឋប៉ាឡេស្ទីន និងរដ្ឋអារ៉ាប់ បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារទៅលើមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះ អ៊ីស្រាអែល បាននិយាយថាការផ្ទុះនេះ បណ្តាលមកពីការបាញ់រ៉ុក្កែតមិនជោគជ័យរបស់ក្រុមហាម៉ាស់ ជាក្រុមជីហាតអ៊ីស្លាមនិយមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបានបដិសេធការទទួលខុសត្រូវចំពោះរឿងនេះ។