ភ្នំពេញ ៖ ព្រះគ្រូចៅអធិការចំនួន២៤វត្ត នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និង ថវិកាមួយចំនួន ដល់អាជ្ញាធរខណ្ឌ សម្រាប់ការបន្តយកទៅទ្រទ្រង់លើការងារមនុស្សធម៍ ជួយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ពលដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ចាស់ជរាគ្មានទីពឹង ឬពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ជាដើម ។
ពិធីប្រគល់-ទទួល ទេយ្យទាន ទេយ្យវត្ថុ និង ថវិកាខាងលើ ធ្វើឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ នៅក្នុងវត្តកំសាន្ត ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោមវត្តមានទទួលពីសំណាក់លោកចេង មុនីរ៉ា អភិបាលខណ្ឌ រួមទាំងក្រុមមន្ត្រី និងព្រះអធិបតីភាព ព្រះគ្រូចៅអធិការវត្តកំសាន្ត ព្រះនាម សៅរ៍ មុនី ជាព្រះអនុគណខណ្ឌច្បារអំពៅ រួមទាំងចៅអធិការ នៃបណ្តាវត្តដទៃផ្សេងទៀត ដែលបានចូលរួមឧបត្ថម្ភផងដែរ ។
លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានថ្លែងអំណរគុណដល់ទឹកព្រះទ័យរបស់ព្រះគ្រូចៅអធិការវត្តទាំង២៤ ដែលជានិច្ចកាលតែងតែចូលរួមចំណែកកិច្ចការងារមនុស្សធម៍ជួយឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និង ថវិកា ដល់អាជ្ញាធរខណ្ឌ សម្រាប់យកទៅប្រើប្រាស់បន្តលើការងារមនុស្សធម៌ជួយដល់ពលរដ្ឋក្នុងមូលដ្ឋាន ដែលជួបប្រទះការលំបាក ។
លោកអភិបាលខណ្ឌ បញ្ជាក់ថា ជំនួយរបស់ព្រះគ្រូចៅអធិការវត្តទាំង២៤នៅពេលនេះ គឺនឹងត្រូវយកទៅប្រើប្រាស់ឱ្យចំទិសដៅ ដោយនាំយកទៅបែងចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរឡើយ ពោលគឺអនុវត្តតាមគោលការណែនាំរបស់ កាកកបាទប្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ៕ ដោយ ៖ ហេង













