តាកែវ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ អប់រំ និងស្តារនីតិសម្បទា មានប្រសាសន៍បែបនេះ ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀនដែលបានប្រព្រឹត្តទៅររយ:ពេលបីថ្ងៃពីថ្ងៃទី២៣ -២៥ ខែតុលា ឆ្នាំ២០២៣ ដែលមានសិក្ខាកាមមកពីមន្ទីរកិច្ចការនារីខេត្តកោះកុង ព្រះសីហនុ ព្រះវិហារ តាកែវ កំពង់ធំ បន្ទាយមានជ័យ ស្វាយរៀង ព្រៃវែង និងខេត្តពោធិ៍សាត់ នៅសាលប្រជុំផែនការវិនិយោគខេត្តតាកែវ។
ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានថ្លែងអំណរគុណដល់ក្រសួងកិច្ចការនារី ក្រោមការដឹកនាំរបស់កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ជារដ្ឋមន្រ្តី បានចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយ:ការលើកកម្ពស់ការចូលរួមស្រ្តីក្នុងភាពជាម្តាយ ជាបងស្រី ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនក្នុងគ្រួសារ និងសហគមន៍ ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានសំណូមពរដល់គ្រូបង្គោលមកពីមន្ទីរទាំង៩ ត្រូវពង្រីកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅផ្សព្វផ្សាយដល់មន្រ្តី គ្រួសារមន្រ្តី ប្រជាពលរដ្ឋទូទៅ ដើម្បីពួកគាត់ទទួលបានព័ត៌មានពិត និងចូលរួមកាន់តែសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនព្រោះថាសំលេងរបស់ស្រ្តីគឺស្រទន់ ត្រជាក់ ឆាប់ទទួលយកបាន "គ្មានបញ្ហាគ្រឿងញៀន គ្រួសាររបស់អ្នករស់ដោយភាពសុខសាន្ត" ។
ជាមួយគ្នានេះ គ្រូបង្គោលទាំងអស់មានភាពសប្បាយរីករាយក្រោយទទួលបានការបណ្តុះបណ្តាល ហើយពួកគាត់នឹងទទួលយកនូវសំណូមពរដើម្បីចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសុវត្ថិភាពសហគមន៍៕ ដោយ ៖ ដារា






