
កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) បាននិយាយថា ពួកគេ នឹងត្រឡប់ទៅការចរចារ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត នៅទីក្រុងជេដដា (Jeddah) នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារសង្រ្គាមរយៈពេល៦ខែបានធ្វើឲ្យប៉ះពាល់ដល់ប្រទេស និងកងកម្លាំងទាំងពីរ។
កងទ័ពស៊ូដង់កាលពីថ្ងៃពុធ បានទទួលយកការអញ្ជើញនេះ ខណៈដែល«ការចរចា គឺជាមធ្យោបាយមួយដែលអាចបញ្ចប់ជម្លោះ» ប៉ុន្តែបាននិយាយថា ខ្លួននឹងមិនបញ្ឈប់ការប្រយុទ្ធគ្នានោះទេ។
RSF ក៏បាននិយាយផងដែរថា ខ្លួនទទួលយកការអញ្ជើញនេះ ប៉ុន្តែកាលពីថ្ងៃពុធ បានចេញផ្សាយវីដេអូនៃមេបញ្ជាការទីពីររបស់ខ្លួនដែលដឹកនាំទាហាននៅក្នុងតំបន់ Nyala ដែលជាតំបន់សង្រ្គាមដ៏ធំមួយ។
ការប្រយុទ្ធគ្នា បានផ្ទុះឡើង នៅពាក់កណ្តាលខែមេសា ជុំវិញផែនការដាក់បញ្ចូលកងទ័ពរយៈពេល ៤ឆ្នាំបន្ទាប់ពីកងកម្លាំងទាំងពីរ បានបណ្តេញលោកប្រធានាធិបតី អូម៉ា អាល់បាសៀ (Omar al-Bashir)និង ១៨ខែ បន្ទាប់ពីពួកគេ បានដឹកនាំរដ្ឋប្រហារទម្លាក់ដៃគូស៊ីវិល។