ហែលទឹក៖ លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរហែលទឹកតំណាង ឯ.ឧ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រធានសហព័ន្ធខ្មែរហែលទឹកនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានចូលរួមកិច្ចប្រជុំនៃមហាសន្និបាត សហព័ន្ធកីឡាអន្តរជាតិ FINA ដើម្បីបញ្ចប់អាណត្តិចាស់២០២១ បូកសរុបការងារ និងបោះឆ្នោតជ្រើសរើសប្រធានថ្មី។
លោកបានឲ្យដឹងថា មហាសន្និបាតសហព័ន្ធកីឡាហែលទឹកអន្តរជាតិ FINA ធ្វើឡើងដើម្បីបញ្ចប់អាណត្តិចាស់២០២១ បូកសរុបការងារ និងបោះឆ្នោតជ្រើសរើសប្រធានថ្មីតាមលក្ខខណ្ឌសហព័ន្ធអន្តរជាតិ ហើយលោក Husaim Al Musallam ជាអនុប្រធានទី១ ក្លាយជាប្រធាន ក្រោយការបោះឆ្នោតពីសមាជិកទាំងអស់នៅទូទាំងពិភពលោក។ ក្នុងនោះដែរអ្វីដែលគួរចាប់អារម្មណ៍ លោកប្រធានថ្មីប្រកាសមិនទទួលយកប្រាក់ខែឡើយ ធ្វើការដោយស្ម័គ្រចិត្ត ដោយយកថវិកានៅក្នុងសហព័ន្ធកីឡាហែលទឹកអន្តរជាតិ ដើម្បីបង្កើនសកម្មភាពវិញ។
លោកចង់ផ្តល់ឱកាស ឬលទ្ធភាពជាថវិកាជួយសហព័ន្ធជាតិ ដើម្បីឲ្យសហព័ន្ធជាតិនីមួយៗមានលទ្ធភាពក្នុងការអភិវឌ្ឍន៍ខ្លួន ជាពិសេសអ្វីៗដែលជាការងារសំខាន់ របស់សហព័ន្ធតាមប្រទេសនីមួយៗ និងជំរុញលើកទឹកចិត្តដល់កម្មវិធីអាហារូបករណ៍ដល់កីឡាករ-កីឡាការិនីហែលទឹកត្រូវហ្វឹកហាត់កម្រិតខ្ពស់។ លោកបានបន្ថែមថា ព្រមទាំងបំផុសដល់គ្រូបង្វឹក និងជួយជំរុញសកម្មភាពបំប៉នសម្រាប់គ្រូបង្វឹក។ បង្កើនកម្មវិធីការប្រកួត ដើម្បីផ្ដល់ឱកាសប្រកួតដល់កីឡាករ-កីឡាការិនីហែលទឹកទូទាំងពិភពលោកឲ្យកាន់តែច្រើនឆ្នាំ២០២១ ក៏ដូចឆ្នាំតៗទៅទៀត៕
អត្ថបទ៖ គង់ ហួន