ប៉ាគីស្ថាន ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសប៉ាគីស្ថាន (ECP) បានបន្តការអញ្ជើញជាផ្លូវការដល់អ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកសារព័ត៌មាន ដើម្បីតាមដានការបោះឆ្នោតសកល នាពេលខាងមុខ ដែលគ្រោងធ្វើនៅសប្តាហ៍ចុងក្រោយនៃខែមករា ឆ្នាំ២០២៤។
មន្ត្រីECP បាននិយាយកាលពីថ្ងៃពុធ ខណៈដែលដកស្រង់ខ្លឹមសារនៃការអញ្ជើញនោះថា៖«យើងជឿជាក់ថា វត្តមានរបស់អ្នកសង្កេតការណ៍អន្តរជាតិ នឹងបន្ថែមគុណភាពដ៏មានតម្លៃដល់ដំណើរការបោះឆ្នោត ដោយធានានូវតម្លាភាព និងភាពមិនលម្អៀង ខណៈពេលដែលផ្តល់ភាពជឿជាក់ដល់ដំណើរការបោះឆ្នោតរបស់យើង»។
អង្គការឃ្លាំមើលការបោះឆ្នោត បាននិយាយថា ការរៀបចំចាំបាច់ទាំងអស់ នឹងត្រូវបានបង្កើតឡើងសម្រាប់អ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីអនុវត្តភារកិច្ចរបស់ពួកគេប្រកបដោយប្រសិទ្ធភាព និងឯករាជ្យ។
ECP បាននិយាយថា៖«គណៈកម្មការរៀបចំការបោះឆ្នោតប៉ាគីស្ថាន មានគោលនយោបាយបើកចំហសម្រាប់ការទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិណាមួយ ដោយបានណែនាំភ្ញៀវបរទេសឲ្យ ធ្វើតាមការណែនាំរបស់ក្រសួងការបរទេស និងក្រសួងមហាផ្ទៃប៉ាគីស្ថាន។

