
នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែតុលា) នេះថា ប្រទេសអាមេនីសង្ឃឹមថា នឹងសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសអាស៊ែបៃហ្សង់ នៅប៉ុន្មានខែខាងមុខនេះ និងបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសនេះ។
តាមរយៈអ្នកបកប្រែនៅឯវេទិកាមួយ នារដ្ឋធានីប៊ីលីស៊ីរបស់ប្រទេសហ្សកហ្ស៊ី ដែលមានការចូលរួមផងដែរពីសំណាក់នាយករដ្ឋមន្ត្រីនៃប្រទេសអាស៊ែបៃហ្សង់ និងហ្សកហ្ស៊ី លោក Pashinyan បាននិយាយថា៖ «នៅប៉ុន្មានខែខាងមុខនេះ (យើងសង្ឃឹមថា) យើងនឹងចុះហត្ថលេខាជាមួយប្រទេសអាស៊ែបៃហ្សង់នូវកិច្ចព្រមព្រៀងស្តីពីសន្តិភាព និងការបង្កើតទំនាក់ទំនង»។
សូមបញ្ជាក់ថា អាមេនី និងអាស៊ែបៃហ្សង់ បានជាប់នៅក្នុងជម្លោះអស់រយៈពេល ៣ទសវត្សរ៍ ពាក់ព័ន្ធនឹងតំបន់ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh)។ ប្រទេសទាំង២ មិនមានទំនាក់ទំនងការទូតទេ ហើយព្រំដែនរួមរបស់ប្រទេសទាំង២ នៅតែបង្កើនការការពារបន្ថែមយ៉ាងរឹងដដែល។
កាលពីខែមុន អាស៊ែបៃហ្សង់បានបើកការវាយលុកមួយ ដើម្បីដណ្តើមយកតំបន់ណាហ្គ័រណូ-ការ៉ាបាក់មកវិញ ដែលត្រូវបានចាត់ទុកជាអន្តរជាតិថា ជាដែនដីរបស់ពួក Azeri (ប្រជាជនប្រើប្រាស់ភាសាអាស៊ែបៃហ្សង់) ប៉ុន្តែត្រូវបានគ្រប់គ្រងដោយជនជាតិភាគតិចបំបែកខ្លួនអាមេនី ដែលគាំទ្រដោយទីក្រុងយ៉េរ៉េវ៉ាន់ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មក។ ការវាយលុកនោះ បានជំរុញឲ្យមានការភៀសខ្លួនយ៉ាងច្រើននៃជនជាតិភាគតិចអាមេនីចំនួន ១២០.០០០នាក់របស់តំបន់ការ៉ាបាក់៕