
ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បានឲ្យដឹងថា ប្រពន្ធ កូនប្រុស និងកូនស្រីរបស់អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់នៅតំបន់ហ្គាហ្សា ត្រូវបានសម្លាប់ កាលពីយប់ថ្ងៃពុធ (ទី២៥ ខែតុលា) នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដោយការវាយប្រហារនោះ ត្រូវបានក្រសួងសុខាភិបាលនៃតំបន់ហ៊ុមព័ទ្ធ ដែលគ្រប់គ្រងដោយក្រុមហាម៉ាសនិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥នាក់។
តែយ៉ាងណាក្ដី មិនមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែល ពាក់ព័ន្ធនឹងការវាយប្រហារតាមអាកាស ដែលប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា បានធ្លាក់ចំតំបន់ដែលក្រុមគ្រួសាររបស់លោក Wael al-Dahdouh បានភៀសខ្លួនទៅតាមការព្រមានរបស់អ៊ីស្រាអែល ដែលគ្រោងនឹងធ្វើការវាយលុកផ្លូវគោក នៅតំបន់ហ្គាហ្សា។
ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បានចេញសេចក្តីថ្លែងការណ៍ថា៖ «ផ្ទះរបស់ពួកគេ ត្រូវបានវាយប្រហារ ក្នុងជំរុំ Nuseirat នៅចំណុចកណ្តាលតំបន់ហ្គាហ្សា ជាកន្លែង ដែលពួកគេបានស្វែងរកទីជម្រក បន្ទាប់ពីត្រូវបានភៀសខ្លួនពីការទម្លាក់គ្រាប់បែកដំបូង នៅក្នុងសង្កាត់របស់ពួកគេ និងធ្វើតាមការអំពាវនាវរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ឲ្យជនស៊ីវិលទាំងអស់ចាកចេញទៅកាន់ភាគខាងត្បូង»។
ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បានបន្ថែមទៀតថា សមាជិកផ្សេងទៀតនៃគ្រួសាររបស់លោក Dahdouh ត្រូវបានកប់នៅក្រោមគំនរបាក់បែក។ ប្រព័ន្ធផ្សព្វផ្សាយនេះ ផ្សាយផ្ទាល់ពីរូបភាពលោក Dahdouh កំពុងយំ នៅពេលដែលរូបគេឃើញសមាជិកគ្រួសារដេកស្លាប់ នៅឯមន្ទីរពេទ្យ៕