
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកវរសេនីយ៍ទោ Jonathan Conricus បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មាននូវសេចក្តីរាយការណ៍ពុំត្រឹមត្រូវដោយក្រុមជួយសង្រ្គោះ ពាក់ព័ន្ធនឹងកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរក្នុងតំបន់ហ្គាហ្សា ។
ទីភ្នាក់ងារការងារជួយសង្រ្គោះអង្គការសហប្រជាជាតិ(UNRWA) បានបញ្ជាក់ថា បើសិនជាប្រេងឥន្ធនៈមិនទទួលបាននៅតំបន់ហ្គាហ្សាទេនោះ ប្រតិបត្តិការមនុស្សធម៌នឹងត្រូវបង្ខំចិត្តបញ្ឈប់ ។
លោក Conricus និយាយថា ក្រុមហាម៉ាស់ បានស្តុកប្រេងឥន្ធនៈនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ដែលគ្រប់គ្រាន់ផ្តល់កម្លាំងដល់ម៉ាស៊ីនភ្លើងរយៈពេលច្រើនថ្ងៃទៀត ។ លោកលើកឡើងថា ទិន្នផលបែបនេះ អាចនឹងប្រើប្រាស់សម្រាប់មន្ទីរពេទ្យ និងការបូមទឹក ។
លោកថា លោកមិនគិតថាវាត្រឹមត្រូវនោះទេ ហើយមិនថានៅទូទាំងកងកម្លាំងការពារជាតិអ៊ីស្រាអែលទេ ពួកយើងបានឆ្លើយតបនឹងអំណះអំណាងរបស់ UNRWA ដោយសំដៅលើកន្លែងដែលក្រុមហាម៉ាស់គ្រប់គ្រងតំបន់ហ្គាហ្សា ថាមានស្តុកប្រេង ទាំងប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈប្រភេទផ្សេងទៀត ប្រេងសាំង និងប្រេងឥន្ធនៈប្រភេទផ្សេងទៀត វាមាននៅក្នុងតំបន់ហ្គាហ្សាស្រ្ទីបទាំងអស់ ហើយគ្រប់គ្រាន់សម្រាប់រយៈពេលច្រើនថ្ងៃទៀត សម្រាប់មន្ទីរពេទ្យ សម្រាប់បូមទឹក ។
លោក Conricusបន្តថា ក្រុមហាម៉ាស់ ចង់ប្រើប្រាស់ប្រេងឥន្ធនៈទាំងអស់នេះសម្រាប់សមត្ថភាពធ្វើសង្រ្គាមរបស់ពួកគេ ទុកឲ្យជនស៊ីវិលគ្មានប្រេងឥន្ធនៈ ហើយបន្ទាប់មក អង្គការអន្តរជាតិស្នើសុំប្រេងឥន្ធនៈ ៕