លីប៊ី ៖ ក្រុមសិល្បៈករឈីលីជាង ២០នាក់ បានឡើងសម្តែងនៅក្នុងព្រឹត្តការណ៍ប្រគុំតន្រ្តីសប្បុរសធម៌កាលពីថ្ងៃពុធ ដើម្បីរៃអង្គាសមូលនិធិជួយដល់ជនប៉ាឡេស្ទីនរស់នៅក្នុងតំបន់ហ្គាហ្សា និងតំបន់វ៉េសប៊ែង ។
ព្រឹត្តការណ៍ប្រគុំតន្រ្តី “ឈីលីច្រៀងដើម្បីប៉ាឡេស្ទីនប្រឆាំងនឹងអំពើហិង្សាគ្រប់បែបយ៉ាងទាំងអស់”ដែលត្រូវបានរៀបចំឡើងដោយសហគមន៍ប៉ាឡេស្ទីននៅប្រទេសអាមេរិកឡាទីនមួយនេះ បានប្រមូលផ្តុំមនុស្សជាច្រើននៅក្នុងរដ្ឋធានី Santiago ។ សំបុត្រមានតម្លៃចាប់ពី ៥ដុល្លារឡើងទៅ ។
លោក Roxana Funneគឺជាអ្នកទៅទស្សនាការប្រគុំតន្រ្តីមួយរូប និយាយថា ឈីលីច្រៀងដើម្បីប៉ាឡេស្ទីន និងដើម្បីសន្តិភាពនៅលើពិភពលោក ។ ព្រឹត្តការណ៍ប្រគុំតន្រ្តីនេះ ពិតជាសំខាន់ខ្លាំងណាស់ ពេលគេពុំអាចទទួលយកបាននៅថ្ងៃនេះថា មានជនគ្មានកំហុសត្រូវបានសម្លាប់ដោយគ្មានមូលហេតុ ។
លោកបន្តថា ខ្ញុំមិនឯកភាពនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់នោះទេ ប៉ុន្តែខ្ញុំក៏មិនឯកភាពនឹងការសម្លាប់គ្រួសារគ្មានកំហុសនោះដែរ ។
អ៊ីស្រាអែល បានសន្យាថា នឹងបោសសម្អាតក្រុមហាម៉ាស់ឲ្យរលាយសាបសូន្យ ជាការសងសឹកនឹងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ ដែលបានសម្លាប់មនុស្សជាង ១.៤០០នាក់ តាមរយៈការឡោមព័ទ្ធតំបន់បិទច្រកមានពលរដ្ឋរស់នៅ ២,៣លាននាក់មួយនេះ ហើយនិងត្រៀមខ្លួនវាយប្រហារតាមជើងគោក ។
ក្រុមអាជ្ញាធរប៉ាឡេស្ទីន និយាយថា មនុស្សជាង ៦.៥០០នាក់ ត្រូវបានសម្លាប់ ប៉ុន្តែទីភ្នាក់ងារព័ត៌មានរ៉យទ័រ មិនអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយពីតួលេខគ្រោះថ្នាក់នៅភាគីណាមួយ ។
កាលពីថ្ងៃពុធ រុស្ស៊ី និងចិន បានប្រើសិទ្ធិវេតូការជំរុញរបស់សហរដ្ឋអាមេរិកឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាត់វិធានការលើជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស់ ដោយពួកគេបានអំពាវនាវឲ្យផ្អាកសង្រ្គាម ដើម្បីអនុញ្ញាតឲ្យ ជំនួយមនុស្សធម៌ចូលដល់ ការការពារជនស៊ីវិល និងបញ្ឈប់ការមានគោលដៅទៅលើក្រុមហាម៉ាស់ និងក្រុមជីវពលផ្សេងទៀត នៅតំបន់ហ្គាហ្សាស្រ្ទីប ៕

