ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យក្រុមហ៊ុនមីនីបៀ (Minibea) របស់ជប៉ុន បន្តផ្ដល់ការបណ្តុះបណ្តាលកូនជាងជាជនជាតិកម្ពុជា ពិសេសការផ្ទេរចំណេះ និងជំនាញបច្ចេកទេសទំនើបៗរបស់ជប៉ុន ដើម្បីបង្កើនការអភិវឌ្ឍជំនាញបន្ថែមសម្រាប់ឈោងចាប់ឱកាសការងារកាន់តែល្អប្រសើរនាពេលបច្ចុប្បន្ន និងអនាគត។
ការស្នើខាងលើនេះ របស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក យ៉ូស៉ិហ៉ីសា កៃនុម៉ាក់ (Yoshihisa Kainuma) អគ្គនាយក្រុមហ៊ុន មីនីបៀ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងការងារ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនមីនីបៀរបស់ជប៉ុន ដែលតែងទទួលនិងផ្ដល់ការបណ្តុះបណ្តាលកូនជាង ដើម្បីឱ្យសិក្ខាកាមបង្កើនសមត្ថភាព និងជំនាញកាន់តែប្រសើរ។ ឯកឧត្តម ក៏បានស្នើឱ្យក្រុមហ៊ុនបន្តផ្ដល់ការបណ្តុះបណ្តាលដល់កូនជាងដែលជាជនជាតិកម្ពុជា ដើម្បីផ្ទេរចំណេះនិងជំនាញបច្ចេកទេសទំនើបៗរបស់ជប៉ុនទៅឱ្យពួកគេ និងដើម្បីផ្តល់ឱកាសឱ្យពួកគេទទួលបានបទពិសោធន៍បន្ថែម។
ជាការឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុនមីនីបៀ បានទទួលយកសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងបានថ្លែងអំណរគុណដល់ក្រសួងការងារ ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងភាពងាយស្រួលក្នុងក្របខណ្ឌវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាតាំងពីឆ្នាំ២០១១ ដែលជាពេលចាប់ផ្តើមវិនិយោគដំបូង។
សូមជម្រាបថា ក្រុមហ៊ុនមីនីបៀរបស់ជប៉ុនមួយនេះ ទទួលបានការកោតសរសើរពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំពោះការបង្កើតបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈយ៉ាងល្អប្រសើរក្នុងសហគ្រាស ដែលជាគំរូសហគមន៍សុខសាន្តមួយគួរឱ្យកត់សម្គាល់៕ ដោយ ៖ បូរ៉ាវី






