ជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានចូលរួមកម្មវិធីពិព័រណ៍បច្ចេកវិទ្យា Japan Mobility Show នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែតុលា) ជាមួយនឹងបណ្ដាតំណាងនៃឧស្សាហកម្មយានយន្តរបស់ប្រទេស ហើយបានឈរទស្សនាយ៉ាងជក់ចិត្តនូវការបង្ហាញអំពីបច្ចេកវិទ្យា ដែលត្រូវបានរចនាឡើង ដើម្បីជួយដល់កិច្ចប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយ។
ដោយឈរក្បែរលោក Akio Toyoda ដែលជាប្រធានក្រុមហ៊ុន Toyota លោក Kishida បានសង្កេតមើលការធ្វើត្រាប់នៃឈុតគ្រោងឆ្អឹងមនុស្សយន្ត ដែលត្រូវបានប្រើជាជំនួយក្នុងបេសកកម្មជួយសង្គ្រោះគ្រោះមហន្តរាយ។ បន្ទាប់មក លោក Kishida បានចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំនៃឧស្សាហកម្មយានយន្តជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ។
កម្មវិធីពិព័រណ៍ Japan Mobility Show ដែលតែងធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង និងដែលពីមុនឈ្មោះ Japan Motor Show កំពុងប្រព្រឹត្តទៅជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឲ្យលុបចោលការប្រារព្ធកម្មវិធីនេះ ក្នុងឆ្នាំ២០២១៕

