ប៉ាឡេស្ទីន ៖ រូបភាពវីដេអូដែលបញ្ចេញដោយកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ហាក់ដូចជាបង្ហាញឲ្យឃើញពីយន្តហោះចម្បាំងរបស់ IDF វាយប្រហារចំគោលដៅលើក្រុមហាម៉ាស និងបង្ហាញពីការវាយប្រហាររបស់ទាហានជើងទឹកអ៊ីស្រាអែលលើទីតាំងនៃជើងទម្រគ្រាប់មីស៊ីលបាញ់យន្តហោះ នៅតំបន់ហ្គាហ្សាស្ទ្រីប។
កងកម្លាំងការពារជាតិអ៊ីស្រាអែល បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែតុលា) នេះថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ យន្តហោះចម្បាំងរបស់ IDF បានវាយប្រហារលើ «មុខព្រួញភេរវកម្ម» របស់ក្រុមហាម៉ាសជាង ២៥០កន្លែង នៅតំបន់ហ្គាហ្សាស្ទ្រីប។
យោងតាម IDF បានឲ្យដឹងថា «មុខព្រួញភេរវកម្ម» ក្រុមហាម៉ាសនោះ រួមមានហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការ រូងក្រោមដី ព្រមទាំងជើងទម្របាញ់គ្រាប់រ៉ុក្កែត ដែលដាក់បញ្ឈរនៅតំបន់ជនស៊ីវិល ដែល IDF បានអះអាងថា បានបាញ់ឆ្ពោះទៅកាន់ដែនដីអ៊ីស្រាអែល អំឡុងពេលមានសង្គ្រាមនេះ។ ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ពីទីតាំង ឬកាលបរិច្ឆេទ ដែលវីដេអូនេះ ត្រូវបានថតដោយឯករាជ្យនោះឡើយ៕

