ប៉ាឡេស្ទីន ៖ ក្រុមហាម៉ាស់ បាននិយាយថា កាលពីថ្ងៃពុធ ខ្លួនបានបាញ់រ៉ុក្កែតឆ្ពោះទៅកាន់ទីក្រុងទេសចរណ៍ Eilat ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលមានចម្ងាយប្រហែល ២២០គ.មពីតំបន់ហ្គាហ្សាស្រ្ទីប ហើយយោធាអ៊ីស្រាអែល និយាយថា មាននូវផលប៉ះពាល់នៅតំបន់ដាច់ស្រយាលមួយនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ នៅពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗនោះទេ ពីគ្រោះថ្នាក់ណាមួយ អំឡុងការវាយប្រហារដោយអាវុធរយៈចម្ងាយឆ្ងាយបំផុតរបស់ប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ។
នៅក្នុងវីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Telegramកាលពីថ្ងៃពុធ កងពលតូច Izz el-Deen al-Qassam ដែលជាខ្សែបណ្តាញរបស់ក្រុមជីវពលហាម៉ាស់ បង្ហាញវីដេអូដែលពួកគេនិយាយថា វាគឺជាមីស៊ីល រយៈចម្ងាយឆ្ងាយ 'Ayyash 250' ជាមួយចំណងជើងថា “ពួកគេបានទម្លាក់គ្រាប់បែកនៅទីក្រុង Eilat” ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះឡើយ ពីទីតាំង ឬកាលបរិច្ឆេតពេលដែលវីដេអូ ថតបាន ៕

