ប្រេស៊ីល ៖ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva និយាយថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីន មិនមែនជាសង្រ្គាមនោះទេ តែវាគឺជាការប្រល័យពូជសាសន៍ទៅវិញទេ ។
អំឡុងព្រឹត្តការណ៍នយោបាយក្នុងស្រុកនៅទីក្រុង Brasilia លោក Lula បាននិយាយថា ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយកុមារគ្មានកំហុសជាង ២ពាន់នាក់ បានស្លាប់ដោយសារតែលទ្ធផលសង្រ្គាមមួយនេះ ។
លោក Lula បន្តថា វាមិនមែនជាការការពិភាក្សាលើអ្នកណាត្រូវ ឬអ្នកណាខុស អ្នកណាបាញ់មុន និងអ្នកណាបាញ់ក្រោយនោះទេ ។ បញ្ហាគឺនៅត្រង់ថា វាមិនមែនជាសង្រ្គាម តែវាគឺជាការប្រល័យពូជសាសន៍ដែលបានសម្លាប់កុមារជាង ២ពាន់នាក់ ដែលគ្មានការជាប់ពាក់ព័ន្ធជាមួយសង្រ្គាម ពួកគេគឺជាជនរងគ្រោះដោយសារសង្រ្គាមមួយនេះ ។
សូមបញ្ជាក់ថា អ៊ីស្រាអែល ចាប់ផ្តើមវាយប្រហារឥតឈប់ឈរតាមរយៈការទម្លាក់គ្រាប់បែកទៅលើតំបន់ហ្គាហ្សា ក្រោយក្រុមជីវពលហាម៉ាស់ វាយឆ្មក់ទីក្រុងភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.៤០០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ហើយនិងបានចាប់ចំណាប់ថ្នូរ ប្រហែល ២២២នាក់ ។
ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា និយាយថា ជនប៉ាឡេស្ទីនយ៉ាងហោច ៦.៥៤៦នាក់ ត្រូវបានសម្លាប់ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ចាប់តាំងពីពេលនោះមក ក្នុងនោះរួមមានទាំងកុមារចំនួន ២.៧០៤នាក់ ។ ដោយឡែកមនុស្សសរុប ៧៥៦នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលពាក់កណ្តា
លនៃពួកគេគឺជាកុមារ ៕