ចិន ៖ ក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក គ្មានសិទ្ធិចូលរួមពាក់ព័ន្ធក្នុងបញ្ហារវាងចិន និងហ្វីលីពីននោះទេ ។
ជាការឆ្លើយតបនឹងសំនួរដែលសហរដ្ឋអាមេរិកនិយាយថា ពួកគេនឹងការពារហ្វីលពីន អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយថា សហរដ្ឋអាមេរិកមិនមែនជាភាគីពាក់ព័ន្ធក្នុងបញ្ហាសមុទ្រចិនខាងត្បូងនោះទេហើយពួកគេគ្មានសិទ្ធិចូលរួមពាក់ព័ន្ធនឹងបញ្ហារវាងចិន និងហ្វីលីពីនោះដែរ ។
អ្នកស្រីបន្តថា ការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការការពារហ្វីលីពីន មិនប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជនសមុទ្ររបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងនោះទេ ហើយវាក៏មិនជំរុញ និងលើកទឹកចិត្តការប្រកាសសិទ្ធិខុសច្បាប់របស់ហ្វីលីពីននោះដែរ ។
គួរឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយនៅសេតវិមានកាលពីថ្ងៃពុធថា ការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះការការពារជាតិហ្វីលីពីន នៅតែរឹងដូចដែក ក្រោយលោកបានចោទប្រកាន់ចិនថាបានធ្វើខុសច្បាប់ និងប្រកបដោយគ្រោះថ្នាក់នៅក្នុងសមុទ្រចិនខាងត្បូង ។
កាលពីពេលថ្មីៗនេះ ចិន និងហ្វីលីពីន បានប៉ះទង្គិចគ្នាជាច្រើនលើកនៅក្នុងសមុទ្រចិនខាងត្បូង ភាគច្រើននៅក្នុងដែនទឹកជម្លោះជុំវិញកោះផ្កាថ្ម Second Thomas Shoal ដែលជាផ្នែកមួយនៃកោះ Spratly ៕

