
យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍លើអ្វីដែលវិទ្យុកងទ័ពអ៊ីស្រាអែលចាត់ទុកថាជាការវាយលុកតាមជើងគោកទ្រង់ទ្រាយធំបំផុតអំឡុងសង្រ្គាមបច្ចុប្បន្នថា កងកម្លាំងជើងគោកអ៊ីស្រាអែល បានប្រតិបត្តិការនៅក្នុងតំបន់ភាគខាងជើងហ្គាហ្សា ដោយបានវាយប្រហារទៅលើគោលដៅជាច្រើនរបស់ក្រុមជីវពលហាម៉ាស់ មុនពេលដកកងទ័ពចេញមកវិញ ។
វីដេអូពីសកម្មភាពវាយប្រហារទាំងយប់ ដែលបានចេញដោយយោធា ឃើញរថពាសដែកធ្វើដំណើរឆ្លងកាត់តំបន់ព្រំដែនមានតែដីខ្សាច់ ។ គ្រឿងចក្រមួយគ្រឿង ត្រូវបានគេមើលឃើញរុញដីខ្សាច់ឲ្យរាបស្មើ រថក្រោះផ្លោងគ្រាប់កាំភ្លើងធំ ហើយការផ្ទុះត្រូវបានគេមើលឃើញនៅជិត នៅកណ្តាល ឬនៅជួរអគាររងការខូចខាត ។
សេចក្តីថ្លែងការណ៍យោធាដែលបានបង្ហោះនៅលើអនឡាញ និយាយថា ការវាយលុកនេះត្រូវបានធ្វើឡើងជាការត្រៀមខ្លួនសម្រាប់ដំណាក់កាលបន្ទាប់នៃការប្រយុទ្ធ ដោយសំដៅលើលទ្ធភាពនៃការឈ្លានពានទ្រង់ទ្រាយធំដែលក្រុមមេដឹកនាំអ៊ីស្រាអែល បានគំរាមថាជាផ្នែកមួយនៃសង្រ្គាមរបស់ពួកគេ ដើម្បីបំផ្លាញក្រុមហាម៉ាស់ ។
សេចក្តីថ្លែងការណ៍យោធា បានបន្តថា ចាប់តាំងពីពេលនោះមក ទាហានបានចាកចេញពីតំបន់នោះវិញហើយ ហើយក៏បានវិលត្រឡប់មកកាន់ដែនដីអ៊ីស្រាអែលវិញហើយដែរ ។ វិទ្យុកងទ័ពអ៊ីស្រាអែល បានចាត់ទុកការវាយលុកនៅថ្ងៃព្រហស្បតិ៍នេះថាជាការវាយលុកធំបំផុតពុំធ្លាប់ដែលមានតាមជើងគោក អំឡុងសង្រ្គាមនាបច្ចុប្បន្ននេះ ៕