
លោក Dmitry Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយលុកតាមជើងគោកណាមួយរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា នឹងធ្វើឲ្យស្ថានភាពមនុស្សធម៌ដែលស្ថិតក្នុងគ្រោះថ្នាក់រួចទៅហើយនោះ កាន់តែធ្ងន់ធ្ងរខ្លាំង នៅដែនដីរបស់ប៉ាឡេស្ទីនមួយនេះ ។
វិមានក្រឹមឡាំង និយាយនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចខិតខំដើម្បីយល់ព្រមលើអ្វីដែលជាសេចក្តីសម្រេចប្រកបដោយតុល្យភាពរបស់អង្គការសហប្រជាជាតិលើជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស់ គួរតែបន្ត ប៉ុន្តែពួកគេនិយាយថា វាមិនត្រឹមត្រូវទេសម្រាប់សេចក្តីសម្រេចបែបនេះដែលថ្កោលទោសភាគីតែម្ខាងៗនោះ ។
វិមានក្រឹមឡាំង បានផ្តល់សេចក្តីអធិប្បាយបែបនេះ ក្រោយរុស្ស៊ី និងចិនប្រើសិទ្ធិវេតូ ការជម្រុញរបស់សហរដ្ឋអាមេរិកឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាត់វិធានការលើជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស់ ដោយពួកគេបានអំពាវនាវឲ្យផ្អាកសង្រ្គាម ដើម្បីអនុញ្ញាតឲ្យ ជំនួយមនុស្សធម៌ចូលដល់ ការការពារជនស៊ីវិល និងបញ្ឈប់ការមានគោលដៅទៅលើក្រុមហាម៉ាស់ និងក្រុមជីវពលផ្សេងទៀត នៅតំបន់ហ្គាហ្សាស្រ្ទីប ។
ដោយឡែក អត្ថបទធ្វើសេចក្តីព្រាងច្បាប់ដោយរុស្ស៊ី ដែលអំពាវនាវឲ្យមានបទឈប់បាញ់សម្រាប់មនុស្សធម៌ និងការដកចេញបទបញ្ជារបស់អ៊ីស្រាអែលឲ្យជនស៊ីវិលនៅតំបន់ហ្គាហ្សាជម្លៀសចេញទៅកាន់តំបន់ភាគខាងត្បូង មុនការវាយប្រហារតាមជើងគោករបស់ពួកគេ មិនទទួលបានសំឡេងភាគច្រើននោះទេ សម្រាប់ការគាំទ្រ ៕