
ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះ បានត្រូវចំអគារជាច្រើនខ្នងនៅក្នុងជំរំស្ថិតនៅក្នុងទីក្រុងភាគខាត្បូង Khan Younis តំបន់ហ្គាហ្សា ស្របពេលដែលជនប៉ាឡេស្ទីន រួសរាន់ទៅកាន់កន្លែងកើតហេតុ ទាញអ្នករស់រាន និងសាកសពពីគំនរបាក់បែក ។
គ្រួសារមួយ បានដើរចេញពីកន្លែងកើតហេតុដែលគ្របដណ្តប់ដោយធូលីដី ជាមួយក្មេងស្រីតូចម្នាក់យំ និងកាន់កូនក្រមុំតុក្កតា ។
តំបន់បិទច្រករបស់ប៉ាឡេស្ទីនមួយនេះ បានរងការវាយប្រហារដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលអស់រយៈពេល ៣សប្តាហ៍មកហើយ ដែលផ្តើមចេញពីការសម្លាប់រង្គាលទ្រង់ទ្រាយធំនៅតំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល របស់ក្រុមជីវពលហាម៉ាស់គាំទ្រដោយអ៊ីរ៉ង់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សា ។
លោក Bahaa Ebaidគឺជាជនប៉ាឡេស្ទីនមួយរូបដែលផ្ទះរបស់លោកត្រូវបានកម្ទេច ហើយសមាជិកគ្រួសាររបស់លោកត្រូវបានសម្លាប់នោះ និយាយថា ពួកយើងបានស្នាក់នៅទីនេះ ហើយពួកយើងបានឮសំឡេងផ្ទុះគ្រាប់បែក ។ អគារទាំងអស់នេះ បានបាក់ ។ វាមិនមែនជាគ្រាប់បែកមួយនោះទេ វាដូចជាការផ្ទុះគ្រាប់ទម្ងន់ ៦តោន ។ អ្វីៗទាំងអស់ ត្រូវបានបំផ្លិចបំផ្លាញ ហើយមានមនុស្សច្រើនណាស់បានជាប់នៅក្រោមគំនរបាក់បែកអគារ ។
អ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារឥតឈប់ឈរតាមរយៈការទម្លាក់គ្រាប់បែកទៅលើតំបន់ហ្គាហ្សា ក្រោយក្រុមជីវពលហាម៉ាស់ វាយឆ្មក់ទីក្រុងភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.៤០០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ហើយនិងបានចាប់ចំណាប់ថ្នូរ ប្រហែល ២២២នាក់ ។
ដោយឡែក ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា និយាយថា ជនប៉ាឡេស្ទីនយ៉ាងហោច ៦.៥៤៦នាក់ ត្រូវបានសម្លាប់ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ចាប់តាំងពីពេលនោះមក ក្នុងនោះរួមមានទាំងកុមារចំនួន ២.៧០៤នាក់ ។ ដោយឡែកមនុស្សសរុប ៧៥៦នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលពាក់កណ្តាលនៃពួកគេគឺជាកុមារ ៕