អ្នកការទូតជាន់ខ្ពស់របស់ប្លុកនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំនៃប្រទេសស៊ែរប៊ី និងកូ សូវ៉ូ បានបដិសេធមិនសម្របសម្រួលគ្នា នៅក្នុងកិច្ចប្រជុំថ្មីដែលមានគោលបំណងធ្វើ ឲ្យប្រសើរឡើងនូវទំនាក់ទំនងដ៏ជូរចត់របស់ពួកគេ ហើយពួកគេបន្តធ្វើឲ្យប៉ះពាល់ដល់ឱកាសរបស់ពួកគេ ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសិប បូរ៉ែល (Josep Borrell) ដែលបាននិងកំពុងត្រួតពិនិត្យដំណើរការកិច្ចពិភាក្សាទីក្រុងបែលហ្គ្រាដ-ព្រីស្ទីណា (Belgrade-Pristina Dialogue) បាននិយាយថា ក្រុមអ្នកចរចា បានបង្ហាញ«សំណើដ៏ធ្ងន់ធ្ងរ និងមានតុល្យភាព» ដើម្បីជម្នះឧបសគ្គចម្បងមួយ ក្នុងការដាក់ផែនការរបស់ពួកគេលើការធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញ។

លោកបូរ៉ែល បាននិយាយថា៖«វាជារឿងគួរឲ្យសោកស្ដាយ ភាគីទាំងពីរ មិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីយល់ព្រមលើសំណើនេះដោយគ្មានបុរេលក្ខខណ្ឌទេ» ហើយបុរេលក្ខខណ្ឌរបស់ភាគីនីមួយៗ «មិនអាចទទួលយកបាន (ចំពោះ) ភាគីម្ខាងទៀត» ។
លោក បានបញ្ជាក់ថា ការគោរពការសន្យារបស់ពួកគេក្នុងកិច្ចសន្ទនា «ជាមធ្យោបាយតែមួយគត់សម្រាប់ពួកគេ ក្នុងការឈានទៅរកមាគ៌ារបស់អឺរ៉ុប» ឆ្ពោះទៅជាសមាជិកភាព។ ប្រទេសទាំងពីរ បាននិយាយថា ពួកគេចង់ចូលរួមក្នុងប្លុកដែលមានប្រទេសចំនួន២៧នេះ។
