សេតវិមាន របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ តុលា) បន្ទាប់ពីការវាយប្រហារភ្លាមៗជាបន្តបន្ទាប់លើកងកម្លាំងអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាថា លោកប្រធានាធិបតី Joe Biden បានផ្ញើសារដ៏កម្រមួយ ទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដោយព្រមានទីក្រុង Tehran ប្រឆាំងនឹងការកំណត់គោលទៅលើកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា។

ក្រុមមន្ត្រីអាមេរិក ចង់បញ្ចៀសជម្លោះកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស លើប្រទេសអ៊ីស្រាអែល ដែលបានសម្លាប់ប្រជាជនអ៊ីស្រាអែលយ៉ាងហោចណាស់ ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។

មន្ទីរបញ្ចកោណបាននិយាយថា ក្រុមទាហានអាមេរិកត្រូវបានវាយប្រហារយ៉ាងហោចណាស់ ១២ដង នៅក្នុងប្រទេសអ៊ីរ៉ាក់ និងចំនួន៤ដង ក្នុងប្រទេសស៊ីរី ក្នុងសប្តាហ៍កន្លងមក។ កាលពីថ្ងៃពុធ លោកប្រធានាធិបតី Biden បាននិយាយថា លោកបានព្រមានលោក Ayatollah ថា សហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតប ប្រសិនបើកងកម្លាំងអាមេរិក នៅតែបន្តជាគោលដៅ ហើយសកម្មភាពឆ្លើយតបនោះ គឺមិនពាក់ព័ន្ធជាមួយជម្លោះនៅអ៊ីស្រាអែលនោះទេ ប៉ុន្តែលោកមិនបាននិយាយពីមធ្យោបាយដែលសារទាំងនោះត្រូវបានទាក់ទងនោះទេ។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ IRNA បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះមួយ ដោយនិយាយថា សហរដ្ឋអាមេរិកបានបញ្ជូនសារព្រមានទៅអ៊ីរ៉ង់ ក៏ដូចជាសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយចំនួនដូចជា ក្រុមសកម្មប្រយុទ្ធហេសបូឡា របស់លីបង់ ថា ខ្លួនចង់មានការពង្រីកសង្រ្គាមនោះទេ និងបានជំរុញឱ្យពួកគេអនុវត្តនូវការអត់ធ្មត់ផងដែរ៕