ភ្នំពេញ ៖ នេះជាលើកទី០១ ដែលឧត្តមមន្ត្រីអាស៊ាន បានរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ទទួលបន្ទុកផ្នែកវប្បធម៌ និងសិល្បៈលើកទី១៦ តាមរយៈប្រព័ន្ធវីដេអូ ដែលបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការសម្របខ្លួនទៅនឹងសភាពការណ៍ថ្មី ក្នុងខណៈយើងកំពុងខិតខំប្រឹងប្រែងជំរុញការកសាងសហគមន៍អាស៊ាន និងពង្រឹងសាមគ្គីភាព ក្រោមក្របខណ្ឌទ្វេភាគី និងពហុភាគី សំដៅធានាឲ្យបាននូវការងើបឡើងវិញនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ប្រកបដោយក្តីសង្ឃឹមខ្ពស់ ក្រោយវិបត្តិជំងឺកូវីដ–១៩នេះ ត្រូវបានបញ្ចប់, នាព្រឹកថ្ងៃទី២០ តុលា ២០២០នេះ។
លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុងកិច្ចប្រជុំថា ក្នុងនាមលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឧត្តមមន្រី្តអាស៊ានឥណ្ឌូនេស៊ី ដែលមានសមានចិត្តសប្បុរសទទួលភារកិច្ចជាប្រធានឧត្តមមន្រី្តអាស៊ាន ទទួលបន្ទុកផ្នែកវប្បធម៌ និងសិល្បៈ ជំនួសអាណត្តិកម្ពុជាសម្រាប់ឆ្នាំ២០១៨–២០២០ កន្លងមក ខណៈដែលកម្ពុជា ជាប់ភារកិច្ចរៀបចំការបោះឆ្នោតសកល ឆ្នាំ២០១៨ នាពេលនោះ។ សូមកោតសរសើរឧត្តមមន្រី្តអាស៊ានទទួលបន្ទុកផ្នែកវប្បធម៌ និងសិល្បៈឥណ្ឌូនេស៊ី ដែលសម្រេចបាននូវសមិទ្ធផលជោគជ័យជាច្រើនក្នុងការបំពេញតួនាទីជាប្រធានឧត្តមមន្រី្តអាស៊ានទទួលបន្ទុកផ្នែកវប្បធម៌ និងសិល្បៈកន្លងមកនេះ។ ក្នុងនាមប្រធានឧត្តមមន្រី្តអាស៊ាន សូមវាយតម្លៃខ្ពស់ និងទទួលស្គាល់នូវតួនាទីរបស់ឥណ្ឌូនេស៊ី ក្នុងការរួមវិភាគទានលើកកម្ពស់អត្តសញ្ញាណអាស៊ាន តាមរយៈការដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រអាស៊ានសម្រាប់សិល្បៈ និងវប្បធម៌ ឆ្នាំ២០១៦–២០២៥ រួមនឹងសេចកី្តសម្រេចនានា របស់ឧត្តមមន្រី្ត ក៏ដូចជារដ្ឋមន្រី្តអាស៊ានទទួលបន្ទុកផ្នែកវប្បធម៌ និងសិល្បៈ ដែលបានដាក់ចេញ សំដៅរួមចំណែកអនុវត្តគោលការណ៍អាស៊ាននានា ឆ្ពោះទៅសម្រេចការកសាងសហគមន៍អាស៊ានឆ្នាំ២០២៥។
ជាមួយនឹងផែនការសកម្មភាពអាទិភាពដែលមានស្រាប់ លោកជំទាវ សូមអំពាវនាវដល់ឧត្តមមន្រី្តអាស៊ាន និងដៃគូសន្ទនាទាំងអស់ សូមបន្តកិច្ចសហប្រតិបតិ្តការ និងការគាំទ្រចំពោះកម្ពុជា ក្នុងភារកិច្ចជាប្រធាននៃឧត្តមមន្រី្តអាស៊ាន ទទួលបន្ទុកផ្នែកវប្បធម៌ និងសិល្បៈ ដើម្បីធានានូវជោគជ័យក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងគោលការណ៍នានារបស់អាស៊ាន ក្នុងក្របខណ្ឌសិល្បៈ និងវប្បធម៌ ក្នុងអាណតិ្តឆ្នាំ២០២០–២០២២នេះ៕
អត្ថបទ ៖ រដ្ឋា





