តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ (២៦ តុលា) បានអនុម័តយ៉ាងប្រផិតប្រផើយនូវច្បាប់ហាមឃាត់ទំនាក់ទំនងភេទដូចគ្នានៅក្នុងកងកម្លាំងប្រដាប់អាវុធ ដោយលើកឡើងពីហានិភ័យដែលអាចកើតមាន ចំពោះការត្រៀមខ្លួនប្រយុទ្ធរបស់យោធា នៅក្នុងសេចក្តីសម្រេចដែលត្រូវបានរិះគន់ដោយក្រុមសកម្មជនថា ជាជំហានថយក្រោយនៃសិទ្ធិស្រឡាញ់ភេទដូចគ្នា ។

ស្ថិតក្រោមច្បាប់នៃអំពើឧក្រិដ្ឋកម្មយោធារបស់ប្រទេស សមាជិកនៃកងកម្លាំងប្រដាប់អាវុធ ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ពីរឆ្នាំ សម្រាប់ទំនាក់ទំនងភេទដូចគ្នា។ ច្បាប់នេះត្រូវបានបញ្ជូនទៅតុលាការ និងត្រូវបានអនុម័តចំនួនបួនដង ចាប់តាំងពីឆ្នាំ២០០២ មក។
នៅក្នុងសេចក្តីសម្រេច ដោយមានការគាំទ្រ ៥សំឡេងទល់នឹង ៤សំឡេង កាលពីថ្ងៃព្រហស្បតិ៍ តុលាការបាននិយាយថា ការអនុញ្ញាតឱ្យមានទំនាក់ទំនងភេទដូចគ្នា អាចបំផ្លាញវិន័យក្នុងជួរយោធា និងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពប្រយុទ្ធរបស់ខ្លួន។

ក្រុមសិទ្ធិមនុស្ស បាននឹងកំពុងជំរុញឱ្យតុលាការលុបចោលនូវអ្វីដែលពួកគេហៅថា ច្បាប់ «ហួសសម័យកាល និងអាក្រក់» បន្ទាប់ពីតុលាការកំពូលកាលពីឆ្នាំមុន បានលុបចោលការកាត់ទោសរបស់តុលាការយោធា លើទាហានពីរនាក់ ដែលត្រូវបានកាត់ទោសឱ្យផ្អាកការជាប់ពន្ធនាគារ សម្រាប់ទំនាក់ទំនងផ្លូវភេទដូចគ្នា។ ក្រុមសកម្មជនបាននិយាយថា ច្បាប់នេះជំរុញឱ្យមានអំពើហិង្សា ព្រមទាំងការរើសអើងប្រឆាំង និងការមាក់ងាយចំពោះទាហានស្រឡាញ់ភេទដូចគ្នាផងដែរ៕