អ៊ីស្រាអែល បានបញ្ជូនសព្វាវុធបន្ថែមទៀតនៅព្រំដែនភាគខាងត្បូងរបស់ខ្លួន ហើយមូលដ្ឋានយោធារបស់ខ្លួននៅទីនោះបានបង្កើនការយាមកាមកាន់តែខ្លាំង។ រថក្រោះប្រភេទ មឺខាវ៉ា (Merkava) រថពាសដែក និងក្រុមទាហានមួយចំនួនធំ កំពុងប្រមូលផ្តុំនៅតំបន់ព្រំដែននោះ។ រថក្រោះជាច្រើនគ្រឿង ដែលឈរជើងនៅព្រំដែននេះ សុទ្ធតែមានជម្រកការពារប្រឆាំងនឹងការវាយប្រហារដោយយានដ្រូន។

ឧទ្ធម្ភាគចក្រប្រដាប់អាវុធជាំច្រើនគ្រឿង ក៏កំពុងធ្វើការល្បាតនៅលើអាកាសផងដែរ។ ចំណែកនៅលើដីវិញ អ៊ីស្រាអែលបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នជាច្រើន ដើម្បីត្រួតពិនិត្យយានយន្តដែលឆ្លងកាត់។ ខណៈជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស បានឈានចូលដល់ថ្ងៃទី២០ រថក្រោះ និងក្រុមទាហានថ្មើរជើងរបស់អ៊ីស្រាអែល បានវាយឆ្មក់ចូលតំបន់ហ្កាហ្សា ស្ទ្រីប ភាគខាងជើង។

អ៊ីស្រាអែលបាននិយាយថា សកម្មភាពនេះគឺជា «ផ្នែកមួយនៃការត្រៀមលក្ខណៈសម្រាប់ដំណាក់កាលបន្ទាប់នៃការប្រយុទ្ធ» ដែលក្នុងនោះ ខ្លួនមានគម្រោងការវាយលុកតាមដីគោកនៅតំបន់ហ្កាហ្សា។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ដល់ចំនួន ៧.០២៨នាក់ ខណៈមនុស្សចំនួន ១៨.៤៨៤នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ៕