ជម្លោះរវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងអ៊ីស្រាអែល ដែលកំពុងកើនឡើង ឥឡូវនេះបានសម្លាប់មនុស្សសរុបជាង ៨.០០០នាក់ នៅភាគីទាំងពីរ ខណៈដែលការប្រយុទ្ធគ្នាបានឈានចូលដល់ថ្ងៃទី ២១ របស់ខ្លួន នៅថ្ងៃសុក្រ (២៧ តុលា) នេះ។ ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ដល់ចំនួន ៧.០២៨នាក់ ខណៈដែលមនុស្សចំនួន ១៨.៤៨៤នាក់ផ្សេងទៀតបានរងរបួស។

ចំនួនអ្នកស្លាប់នៅខាងអ៊ីស្រាអែល មានចំនួន ១.៤០០នាក់ នេះបើយោងតាមទិន្នន័យពីក្រសួងសុខាភិបាលអ៊ីស្រាអែល ដែលបានដកស្រង់ដោយសារព័ត៌មាន Jerusalem Post ។ ចំនួនជនភៀសខ្លួនខាងក្នុង (IDPs) ដែលកំពុងស្នាក់នៅក្នុងមូលដ្ឋានរបស់អង្គការសហប្រជាជាតិ នៅទូទាំងតំបន់ហ្កាហ្សា បានកើនឡើងលើសពី ៦១៣.០០០នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ។

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា (UNRWA) ក៏បានព្រមានពីផលប៉ះពាល់ដ៏អាក្រក់នៃការខ្វះខាតប្រេងឥន្ធនៈលើការងាររបស់ខ្លួននៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះផងដែរ។
ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ស្ទ្រីប បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាល ពីថ្ងៃទី៧ ខែតុលា។ ជាការឆ្លើយតប យោធាអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសសំដៅលើទីតាំង និងទីស្នាក់ការកណ្តាលជាច្រើនរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធមួយនេះ ហើយការប្រយុទ្ធគ្នាចុងក្រោយបំផុតនេះ បាននាំឱ្យមានអ្នករងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ភាគីជម្លោះទាំងសងខាង៕