ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ WBC កីឡាករ Tyson Fury និងអតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ UFC Francis Ngannou បានប្រឈមមុខដាក់គ្នាចុងក្រោយក្នុងសន្និសីទសារព័ត៌មាន មុនឡើងសង្វៀនប្រកួតនៅថ្ងៃទី ២៨ ខែតុលា ក្នុងការប្រកួតប្រើច្បាប់ប្រដាល់សកល។
កីឡាករវ័យ ៣៤ ឆ្នាំ Tyson Fury ខកខានមិនបានឡើងសង្វៀនប្រកួតចាប់តាំងពីការប្រកួតដែលគេអាចការពារខ្សែក្រវាត់ WBC របស់ខ្លួនបាននៅពេលយកឈ្នះនៅទឹកទី ១០ លើមិត្តរួមជាតិអង់គ្លេស Derek Chisora កាលពីខែធ្នូឆ្នាំមុន ដើម្បីបន្តស្ថិតិមិនដែលចាញ់របស់ខ្លួន។
តាមពិតទៅ Fury មានគំរោងជួបជាមួយកីឡាករអ៊ុយក្រែន Oleksandr Usyk ដែលជាម្ចាស់ជើងឯក IBF, IBO, WBO និង WBA ប៉ុន្តែការចរចាបរាជ័យកាលពីខែមីនា។
ចំណែកឯកីឡាករបារាំងកាត់កាមេរូន Francis Ngannou ត្រូវបានដកខ្សែក្រវាត់ទម្ងន់ធ្ងន់របស់ខ្លួនបន្ទាប់ពីមានជម្លោះកិច្ចសន្យាជាមួយ UFC កាលីខែមករាឆ្នាំ ២០២៣ នេះ។
កីឡាករវ័យ ៣៦ ឆ្នាំរូបនេះមានបទពិសោធប្រកួតលក្ខណៈ MMA ចំនួន ២០ លើក ឈ្នះ ១៧ ចាញ់ ៣ និងផ្តួលគូប្រកួតនៅលើសង្វៀន ១២ លើក៕ អត្ថបទ៖នាង សុភាវុធ
