ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការបាត់បង់ជីវិតរបស់ឯក លី ខឺឈាង អតីតនាយករដ្ឋមន្រ្តីចិន កាលពីយប់មិញ គឺតំណាងឲ្យការបាត់បង់ដ៏ធំមួយសម្រាប់ប្រជាជនចិន និងគណបក្សកុម្មុយនីស្តចិន ហើយសម្តេចក៏បានចាត់ទុកឯកឧត្តមជាមិត្តល្អរបស់កម្ពុជាផងដែរ។
តាមរយៈសាររំលែកទុក្ខជូនឯកឧត្តម ស៊ី ជិនពីង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ចំពោះមរណភាពរបស់ឯកឧត្តម លី ខឺឈាង អតីតនាយករដ្ឋមន្ត្រីចិន ដែលបានទទួលមរណភាពកាលពីយប់មិញក្នុងជន្មាយុ៦៨ឆ្នាំ ដោយបញ្ហាគាំងបេះដូងនោះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាមានសេចក្តីក្រៀមក្រំជាទីបំផុត ដោយបានដឹងពីមរណភាពនៅក្រុងសៀងហៃ នៅព្រឹកមិញនេះរបស់ឯកឧត្តម លី ខឺឈាង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលទី១៧,១៨ និងទី១៩ នៃបក្សកុម្មុយនីស្តចិន និងជាអតីតនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សារដ្ឋ។
សម្តេច បានសង្កត់ធ្ងន់ថា«មរណភាពរបស់ឯកឧត្តម (លី ខឺឈាង) តំណាងឲ្យការបាត់បង់ដ៏ធំមួយសម្រាប់ប្រជាជនចិន និងបក្ស»។
នៅក្នុងសាររំលែកទុក្ខនេះដែរសម្តេចតេជោ ហ៊ុន សែន ក្នុងនាមគណបក្សប្រជាជនកម្ពុជា បានចាត់ទុកឯកឧត្តម លី ខឺឈាង «គឺជាមិត្តដ៏ល្អរបស់កម្ពុជា ហើយប្រជាជនកម្ពុជា នឹងចងចាំជានិច្ចនូវការរួមចំណែកដ៏មាន តម្លៃរបស់ឯកឧត្តមចំពោះទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធរវាងប្រជាជាតិ និងប្រជាជននៃប្រទេសយើងទាំងពីរ ដែលត្រូវបានគូសបញ្ជាក់ដោយទំនាក់ទំនងនយោបាយដ៏រឹងមាំរវាងគណបក្សយើងទាំងពីរ (គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន)»។
សម្តេចតេជោ បានលើកឡើងទៀតថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះឯកឧត្តមក្រុមគ្រួសារនៃសព ប្រជាជនចិន និងបក្សកុម្មុយនីស្តចិន ចំពោះការបាត់បង់រដ្ឋ បុរសដ៏អស្ចារ្យម្នាក់។
សម្តេចតេជោក៏សូមឲ្យវិញ្ញាណក្ខន្ធឯកឧត្តម លី ខឺឈាង បានទៅកាន់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយផងដែរ៕អត្ថបទបាន ចក់


