រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ អំឡុងដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា សហរដ្ឋអាមេរិក និងចិនមានការខ្វែងគំនិតគ្នា ហើយត្រូវការកិច្ចសន្ទនា ស៊ីជម្រៅ និងទូលំទូលាយ ដើម្បីកាត់បន្ថយការយល់ច្រឡំ និងស្ថិរភាពទំនាក់ទំនង។

ដោយឈរក្បែររដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken លោក Wang បាននិយាយថា ប្រទេសទាំងពីរត្រូវចែករំលែកផលប្រយោជន៍រួម និងបញ្ហាប្រឈមសំខាន់ៗដែលប្រទេសទាំង២ត្រូវដោះស្រាយជាមួយគ្នា។
លោក Wang បាននិយាយតាមរយៈអ្នកបកប្រែថា ដូច្នេះ ប្រទេសចិន និងសហរដ្ឋអាមេរិក ចាំបាច់ត្រូវមានការសន្ទនា។យើងមិនត្រឹមតែគួរបន្តការសន្ទនាប៉ុណ្ណោះ ការសន្ទនាក៏គួរតែស៊ីម្រៅ និងឲ្យបានកាន់តែទូលំទូលាយថែមទៀតផងដែរ ។
លោកបាននិយាយថា ការសន្ទនានឹងជួយកាត់បន្ថយការយល់ច្រលំ ជួយធ្វើឱ្យទំនាក់ទំនងមានស្ថេរភាព និង ត្រឡប់ទៅរកមាគ៌ានៃការអភិវឌ្ឍន៍ប្រកបដោយរលូន ស្ថិរភាព និងនិរន្តរភាព។
លោក Blinken បានឆ្លើយតបថា លោកយល់ស្របនឹងអ្វីដែលរដ្ឋមន្ត្រីការបរទេសបាន លើកឡើង ។
មុនការថ្លែងបែបនេះរបស់លោក Wangលោក Blinken បាននិយាយថា លោកទន្ទឹងរង់ចាំកិច្ចពិភាក្សាប្រកបដោយស្ថាបនាជាមួយសមភាគីចិន។

គួរឲ្យដឹងថា ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក Wang គឺជាដំណើរចុងក្រោយបង្អស់ក្នុងភាពចលាចលនៃទំនាក់ទំនងការទូតរវាងគូប្រជែងយុទ្ធសាស្ត្រទាំងពីរ ស្របពេលប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២របស់ពិភពលោក ពួកគេព្យាយាមគ្រប់គ្រងការខ្វែងគំនិតគ្នា ដើម្បីជៀសវាងជម្លោះ។ ដំណើរទស្សនកិច្ចនេះផ្ដោតជាសំខាន់ក្នុងការរៀបចំសម្រាប់ជំនួបកំពូលដែលរំពឹងទុករវាងលោកប្រធានាធិបតី Joe Biden និងប្រធានាធិបតី Xi Jinping ក្នុងខែវិច្ឆិកា នៅសហរដ្ឋអាមេរិក ៕