ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន បានអង្វរនៅឯកិច្ចប្រជុំដ៏រំជួលចិត្តមួយរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ស្តីពីសង្គ្រាមនៅតំបន់ហ្គាហ្សាថា៖«សូមបញ្ឈប់ទម្លាក់គ្រាប់បែក និងជួយសង្គ្រោះជីវិតមនុស្ស!»។ ប៉ុន្តែបេសកជនរបស់អ៊ីស្រាអែលមានចិត្តរឹងរូស ដោយបានប្រកាសជាថ្មីថា «យើងនឹងមិនសម្រាករហូតដល់ក្រុមហាម៉ាស ត្រូវបានលុបបំបាត់ទេ»។

កិច្ចប្រជុំស្តីពីសង្រ្គាមដែលបង្កឡើងដោយការវាយប្រហារគួរឲ្យភ្ញាក់ផ្អើលរបស់មេដឹកនាំក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ត្រូវបានធ្វើឡើងនៅសាលធំនៃមហាសន្និបាតមានប្រទេសចំនួន១៩៣ចូលរួម ជាកន្លែងដែលប្រទេសអារ៉ាប់រំពឹងថា នឹងអនុម័តដំណោះស្រាយមួយ នៅថ្ងៃសុក្រ ដែលអំពាវនាវឲ្យមានបទឈប់បាញ់ភ្លាមៗ នៅហ្គាហ្សា បន្ទាប់ពីកិច្ចប្រឹងប្រែងបរាជ័យចំនួន៤លើករបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការយល់ព្រមលើសកម្មភាពណាមួយ។

នៅសម័យប្រជុំពិសេសបន្ទាន់របស់មហាសន្និបាទUNស្តីពីសកម្មភាពអ៊ីស្រាអែលក្នុងទឹកដីប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍ អ្នកចូលរួមម្នាក់ៗ គាំទ្រការអំពាវនាវបទឈប់បាញ់របស់ដំណោះស្រាយអារ៉ាប់ លើកលែងតែឯកអគ្គរដ្ឋទូតរដ្ឋទូតរបស់អ៊ីស្រាអែលប្រចាំនៅUN លោក Gilad Erdan ដែលបានប្រាប់អង្គការពិភពលោកនេះថា៖«បទឈប់បាញ់មួយ មានន័យថា ជាការផ្តល់ពេលវេលាដល់ក្រុមហាម៉ាស ដើម្បីពង្រឹងខ្លួនពួកគេ ដូច្នេះពួកគេ អាចសម្លាប់យើងវិញ»។
បន្ទាប់ពីបានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាសជាច្រើន ដែលបានប្តេជ្ញាថា នឹងបំផ្លាញអ៊ីស្រាអែល និងជនជាតិជ្វីហ្វ លោក Erdan បាននិយាយថា៖««ការអំពាវនាវឲ្យមានបទឈប់បាញ់ណាមួយ មិនមែនជាកិច្ចប្រឹងប្រែង ដើម្បីសន្តិភាពទេ។ វាគឺជាកិច្ចប្រឹងប្រែង ដើម្បីចងដៃអ៊ីស្រាអែល ដោយរារាំងយើងពីការលុបបំបាត់ការគំរាមកំហែងដ៏ធំដល់ពលរដ្ឋរបស់យើង»។