ក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស English Premier League នឹងមានការប្រកួតមួយគូលេងមុនថ្ងៃបុណ្យគ្រីសស្មាសមួយថ្ងៃជាលើកដំបូងក្នុងរយៈពេល ២៨ ឆ្នាំនៅពេល Wolverhampton ទទួលស្វាគមន៍តោខៀវ Chelsea។
ការប្រកួតដំបូងរវាងក្រុមទាំងពីរតាមពិតទៅត្រូវប្រកួតនៅថ្ងៃទី ២៣ ខែធ្នូ តែនៅពេលនេះត្រូវផ្លាស់ប្តូរមកថ្ងៃទី ២៤ ខែធ្នូចំថ្ងៃអាទិត្យ។
តាំងពីលីគកំពូលអង់គ្លេសបានផ្លាស់មកជា Premier League នៅឆ្នាំ ១៩៩២ មានតែមួយប្រកួតប៉ុណ្ណោះដែលធ្លាប់លេងមុនថ្ងៃគ្រីសស្មាសមួយថ្ងៃបែបនេះគឺជំនួបដែល Leeds United យកឈ្នះ Manchester United ៣-១ នៅឆ្នាំ ១៩៩៥។
Premier League នឹងមានការប្រកួតដ៏មមារញឹកនៅចុងខែធ្នូដូចរដូវកាលសព្វដង ពោលគឺនឹងមានការប្រកួតបីជុំ នៅថ្ងៃទី ២៣ ២៦ និង ៣០ ដែលនៅអង់គ្លេស គេចាត់ទុកជាការប្រកួតអបអរថ្ងៃឈប់សម្រាកបុណ្យគ្រីសស្មាស និងចូលឆ្នាំសកល និងជាកាលវិភាគប្រកួតដែលមានប្រជាប្រិយភាពមួយមិនថា នៅក្នុងប្រទេស រឺជុំវិញពិភពលោក៕ អត្ថបទ៖នាង សុភាវុធ

