ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស លើកទី ១០ ដែលអញ្ជើញមកពីបណ្តាក្រសួង ស្ថាប័ន និងរាជធានី ខេត្ត តាមរយៈកិច្ចប្រជុំដោយផ្ទាល់ និងអនឡាញ ចំនួន ៥៤ រូប។
ក្នុងកិច្ចប្រជុំលោកវេជ្ជបណ្ឌិត ជា ច័ន្ទកុសលមុនី ប្រធានផ្នែកធ្វើតេស្តរកមេរោគអេដស៍នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងមេរោគអេដស៍ សើស្បែក និងកាមរោគ ក្រសួងសុខាភិបាល បានផ្តល់នូវរបាយការណ៍សមិទ្ធផលនៃការធ្វើតេស្តរកមេរោគអេដស៍។
បើតាមលោកវេជ្ជបណ្ឌិត ជា ច័ន្ទកុសលមុនី ជាលទ្ធផលការអនុវត្តការបង្កា និងធ្វើតេស្តរកមេរោគអេដស៍ នៃក្រុមប្រជាជនគន្លឹះ, អត្រាវិជ្ជមានមេរោគអេដស៍ តាមក្រុមប្រជាជនគន្លឹះ ដែលបានធ្វើតេស្តនៅសេវាសុខាភិបាលសាធារណៈ ឆ្នាំ២០២២ មាន៖ ក្រុមស្រ្តីបម្រើនៅសេវាកម្សាន្តសប្បាយ (០,៧%) បុរសរួមភេទជាមួយបុរស (៣,៧%) និងក្រុមបំភ្លែងភេទ (៦,០%)។ អត្រាវិជ្ជមានមេរោគអេដស៍រួមនៃក្រុមប្រជាជនគន្លឹះមិនមានការធ្លាក់ចុះទេ ដែលមានអត្រា ២,៣ % ក្នុងឆ្នាំ២០២១ ២,៦% (ឆ្នាំ២០២២) ២,២% (មករា-កញ្ញា ២០២៣)។ ចំណែក អត្រាវិជ្ជមានមេរោគអេដស៍ តាមក្រុមប្រជាជនគន្លឹះ ដែលបានធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯងតាមសហគមន៍ ក្នុងឆ្នាំ២០២២ មាន៖ ក្រុមបុរសរួមភេទនឹងបុរស (១០%) ក្រុមបំភ្លែងភេទ (១៨%) ស្រ្តីបម្រើនៅសេវាកម្សាន្តសប្បាយ(៥%)។ ជារួមការតេស្តរកមេរោគអេដស៍ដោយខ្លួនឯង មានអត្រាប្រហាក់ប្រហែលគ្នាក្នុងឆ្នាំ២០២១ និង២០២២ ដែលមានអត្រា១៣% (ឆ្នាំ២០២១) និង១០% (ឆ្នាំ២០២២)។
លោកវេជ្ជបណ្ឌិត ជា ច័ន្ទកុសលមុនី បញ្ជាក់ថា មានកត្តាប្រឈមដើម្បីឱ្យការអនុវត្តសម្រេចបានជោគជ័យ ដូចជា៖ ការគ្រប់គ្រងធ្វើតេស្តរកមេរោគអេដស៍នៅតាមវិស័យឯកជន នៅមានកម្រិត ជាពិសសការចែកចាយ(លក់) កញ្ចប់តេស្តរកមេរោគដោយខ្លួនឯង, ការគ្របដណ្តប់បទអន្តរាគមន៍នៅមានកំរិត ចំពោះក្រុមគោលដៅលាក់អត្តសញ្ញាណ លាក់មុខ ក្រុមឯករាជ្យ ឬក្រុមធ្វើការចល័តពីហាងមួយទៅហាងមួយ ឬទីតាំង មួយទៅទីតាំងមួយ (កន្លែង ដី ឃ្លាំងគេទុកចោល) ឬក្រុមគោលដៅ ពាក់ព័ន្ធគ្រឿងញៀន (ដូរលេខទូរស័ព្ទ) ឬទីកន្លែងប្រកបមុខរបរមិនជាក់លាក់ ឬការនាំដៃគូមកធ្វើតេស្ត។
ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត មានមតិផ្តាំផ្ញើដល់អង្គប្រជុំ ឱ្យជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការបង្ការការចម្លងមេរោគអេដស៍ ដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសក្រុមយុវវ័យ និងជូនពរដល់សមាជិកអង្គប្រជុំ ឱ្យជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាត៕អត្ថបទ រដ្ឋា





