
យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រ ( ២៧ តុលា) នេះថា កងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននឹងកំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅសប្តាហ៍នេះ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹង «ការវាយប្រហារដោយកាំភ្លើងធំដ៏គួរឱ្យភ្ញាក់ផ្អើលបែបក្រុមហាម៉ាស» របស់កូរ៉េខាងជើង។
កងកម្លាំងប្រទេសទាំងពីរនេះ តែងតែធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងការហ្វឹកហ្វឺនផ្សេងទៀត ប៉ុន្តែសមយុទ្ធនៅសប្តាហ៍នេះ កើតឡើងបន្ទាប់ពីការវាយលុករបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល បានធ្វើឱ្យមានការរំខានផ្នែកសន្តិសុខនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលចែករំលែកព្រំដែនដ៏តានតឹងបំផុតរបស់ពិភពលោកជាមួយគូប្រជែងកូរ៉េខាងជើង។
សមយុទ្ធបាញ់គ្រាប់ពិតរយៈពេលបីថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធនេះ មានការចូលរួមពីទាហានកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចំនួន ៥.៤០០នាក់ ប្រព័ន្ធកាំភ្លើងធំចំនួន ៣០០គ្រឿង រថយន្តចំនួន ១.០០០គ្រឿង និងទ្រព្យសម្បត្តិរបស់កងទ័ពអាកាសជាច្រើនទៀត នេះបើយោងតាមយោធាកូរ៉េខាងត្បូង។
កូរ៉េខាងជើង មិនមានប្រតិកម្មភ្លាមៗចំពោះសមយុទ្ធនេះទេ ប៉ុន្តែជាធម្មតា ប្រទេសផ្ដាច់ខ្លួនមួយនេះ ចាត់ទុកការហ្វឹកហ្វឺនយោធាអាមេរិក-កូរ៉េខាងត្បូង សំខាន់ៗថាជាការហាត់សមការលុកលុយ និងបានឆ្លើយតបទៅវិញជាមួយនឹងការធ្វើតេស្តមីស៊ីលជាច្រើន។
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននិងកំពុងពង្រីកសមយុទ្ធយោធាជាប្រចាំរបស់ពួកគេ ដើម្បីប្រឈមមុខនឹងកម្មវិធីនុយក្លេអ៊ែរ ដែលកំពុងរីកចម្រើនរបស់ប្រទេសកូរ៉េខាងជើង៕