ភ្នំពេញ៖ ក្រសួងសុខាភិបាល បានលើកទឹកចិត្តឱ្យអ្នកជំនាញរួមគ្នាអភិវឌ្ឍន៍គុណភាពសេវាថែទាំព្យាបាលទារក និងកុមារឱ្យកាន់តែប្រសើរប្រកបដោយគុណភាព ប្រសិទ្ធិភាព និងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋ។
ក្នុងពិធីប្រកាសបើកសន្និសីទរោគកុមារលើកទី៥ ក្រោមប្រធានបទ «រួមគ្នាអភិវឌ្ឍគុណភាពសេវាថែទាំព្យាបាលទារក និងកុមារ» របស់មន្ទីរពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ការរៀបចំសន្និសីទនេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់បុគ្គលិកសុខាភិបាល តាមរយៈការផ្លាស់ប្តូរ បទពិសោធន៍ នៃការអនុវត្តគ្លីនិក រវាងថ្នាក់ជាតិ និងថ្នាក់ខេត្ត រួមគ្នាអភិវឌ្ឍន៍គុណភាពសេវាថែទាំព្យាបាលទារក និងកុមារឲ្យកាន់តែប្រសើរ ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋកម្ពុជា។
លោកជំទាវសាស្ត្រាចារ្យ បានបន្តទៀតថា មន្ទីរពេទ្យកុមារជាតិ បានយកចិត្តទុកដាក់លើកកម្ពស់ ទាំងគុណភាព សុវត្ថិភាព វប្បធម៌សហភាតរៈចំណងសាមគ្គីភាព និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក តាមជំនាញឯកទេសនីមួយៗក្នុងវិជ្ជាជីវៈសុខាភិបាលតែមួយ ហើយក៏បង្ហាញឱ្យឃើញពីការរួបរួមសាមគ្គីគ្នាយ៉ាងសស្រាក់ សស្រាំ ក្នុងការស្វែងយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលជាវប្បធម៌ចែករំលែកប្រកបដោយសន្តិភាព និងឈានទៅរកការអភិវឌ្ឍ និងឈ្នះៗទាំងអស់គ្នា។
ឯកឧត្តមសាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមាជាតិ បានប្តេជ្ញាចិត្តថា ថ្នាក់ដឹកនាំ និងបុគ្គលិក និងអ្នកផ្តល់សេវាកម្មផ្សេងៗទាំងអស់ក្នុងមន្ទីរពេទ្យកុមារជាតិ នៅតែបន្តខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងការពង្រឹងគុណភាព សមត្ថភាព និងបង្កើនមិត្តភាពជាមួយដៃគូរអភិវឌ្ឍនានា ដើម្បីផ្តល់ជូននូវសេវាសុខាភិបាលសាធារណៈដល់ប្រជាពលរដ្ឋឲ្យកាន់តែមានទំនុកចិត្ត ក្រោមយុទ្ធសាស្ត្រដឹកនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ផងដែរថា វាគ្មិនអន្តរជាតិ ថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុកជាច្រើន បានមកចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍នៅក្នុងសន្និសីទនេះ មានដូចជា៖ វាគ្មិនមកពីព្រះរាជាណាចក្រថៃ នៃសាកលវិទ្យាល័យថាម៉ាសាត វាគ្មិនមកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកុមារជាតិ និងវាគ្មិនមកពីមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង កំពង់ធំ ពោធិ៍សាត់ ព្រៃវែង មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន មន្ទីរពេទ្យមង្គលបូរី ដែលសុទ្ធតែជាអ្នកកំពុងតែបំរើការនៅផ្នែកកុមារទារក៕ អត្ថបទ រដ្ឋា








