
លោកនាយករដ្ឋមន្ត្រី Viktor Orban បានប្រាប់វិទ្យុរដ្ឋហុងគ្រី កាលពីថ្ងៃសុក្រថា យុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុបទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន «បានបរាជ័យ» ហើយប្លុកនេះ គួរតែបង្កើតផែនការ B ខណៈដែលអ៊ុយក្រែន នឹងមិនឈ្នះនៅខ្សែត្រៀមជួរមុខទេនោះ។
លោក Orban ដែលបានថ្លែងនៅទីក្រុងប្រ៊ុចសែល នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប បាននិយាយថា៖«មានការប្រយុទ្ធដ៏ធំមួយ» ជាពិសេសលើការគាំទ្រសដល់អ៊ុយក្រែន។ លោក Orban បាននិយាយថា ខ្លួនមិនឃើញហេតុផលសម្រាប់ប្រទេសហុងគ្រី ក្នុងការផ្ញើប្រាក់របស់អ្នកជាប់ពន្ធរបស់ខ្លួនដើម្បីគាំទ្រដល់អ៊ុយក្រែននោះទេ។
សហភាពអឺរ៉ុប គ្រោងនឹងសម្រេចចិត្តក្នុងខែធ្នូលើការពិនិត្យឡើងវិញនៃថវិកា ២០២១-២៧ របស់ខ្លួនដែលមានតម្លៃ ១,១ ពាន់ពាន់លានអឺរ៉ូ (១,២សែនកោដិ) ដែលត្រូវបានកំណត់រួចហើយ ដោយការចំណាយបន្ទាន់ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ និងចាប់តាំងពីប្រទេសរុស្ស៊ី បានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២។
សេចក្តីសម្រេចប្រតិបត្តិនៃប្លុកនេះ បានស្នើឲ្យរដ្ឋសមាជិកដាក់ប្រាក់បន្ថែមទៅក្នុងគណនីរួម ដើម្បីផ្តល់៥០ ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងចំណាយ១៥ពាន់លានអឺរ៉ូទៀតទៅលើការធ្វើអន្តោប្រវេសន៍។ សំណើមួយទៀត នឹងស្នើសុំប្រាក់២០ពាន់លានអឺរ៉ូ ជាជំនួយយោធាសម្រាប់អ៊ុយក្រែន។