ប្រតិបត្តិកររោងចក្របាននិយាយនៅថ្ងៃសុក្រ ទី២៧ ខែតុលានេះថា បុគ្គលិក៤នាក់ នៅរោងចក្រនុយក្លេអ៊ែរ Fukushima ដែលមិនដំណើរការបានសាចទឹកដែលមានផ្ទុកសារធាតុវិទ្យុសកម្ម ដោយពីរនាក់ក្នុងចំណោមពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាការប្រុងប្រយ័ត្នជាមុន។ ឧទ្ទវហេតុកាលពីថ្ងៃពុធបង្ហាញពីគ្រោះថ្នាក់ ដែលប្រទេសជប៉ុននៅតែប្រឈមមុខក្នុងការរុះរើរោងចក្រត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិដ៏ធំ កាលពីឆ្នាំ ២០១១ នៅក្នុងគ្រោះមហន្តរាយអាតូមិកដ៏អាក្រក់បំផុតរបស់ពិភពលោកចាប់តាំងពីមហន្តរាយនៅរោងចក្រ Chernobyl កាលពីឆ្នាំ ១៩៨៦ ។
អ្នកនាំពាក្យរបស់ប្រតិបត្តិករក្រុមហ៊ុន TEPCO បានប្រាប់សារព័ត៌មាន AFP ថា បុគ្គលិក៥នាក់កំពុងសម្អាតបំពង់បង្ហូរនៅប្រព័ន្ធ ALPS ដែលចម្រោះទឹកកខ្វក់សម្រាប់បញ្ចេញទឹកចូលទៅក្នុងសមុទ្រ នៅពេលនោះ បុគ្គលិកពីរនាក់ត្រូវបានទឹកសាចដាក់ខណៈទុយយោរបូតចេញដោយចៃដន្យ។
អ្នកនាំពាក្យ បាននិយាយថា មនុស្សពីរនាក់ផ្សេងទៀត បានពុលនៅពេលពួកគេកំពុងសម្អាតទឹកកំពប់។ កម្រិតវិទ្យុសកម្មនៅលើខ្លួនប្រាណរបស់បុរសទាំងពីរនាក់ដែលសម្រាកនៅមន្ទីរពេទ្យ គឺនៅត្រឹមកម្រិតឬលើសពី កម្រិតវិទ្យុសកម្ម ក្នុងកម្រិតដែលត្រូវបានចាត់ទុកថាមានសុវត្ថិភាព។ ក្រុមហ៊ុនTEPCO និយាយថា យោងតាមវេជ្ជបណ្ឌិតបានឲ្យដឹងថា បុរសទាំងពីរនាក់រលាកដោយសារតែការប៉ះពាល់សារធាតុវិទ្យុសកម្មមានកម្រិតទាប។