
យោងតាមក្រសួងសុខាភិបាល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌូនេស៊ី កំពុងបង្កើនការព្រមានរបស់ខ្លួន ខណៈចំនួនអ្នកជំងឺអុតស្វាដែលត្រូវបានបញ្ជាក់ បានកើនឡើងដល់១៤នាក់ ចាប់តាំងពី ករណីដំបូង ត្រូវបានរកឃើញកាលពីថ្ងៃទី១៣ ខែតុលា។
អគ្គនាយកទទួលបន្ទុកគ្រប់គ្រងនិងបង្ការជំងឺ របស់ក្រសួង លោក Maxi Rein Rondonuwu បាននិយាយថា អ្នកជំងឺទាំងអស់សុទ្ធតែជាបុរស រស់នៅក្នុងទីក្រុងហ្សាកាតា មានអាយុចន្លោះពី២៥ ដល់២៩ឆ្នាំ ហើយមិនដែលទទួលបានវ៉ាក់សាំងការពារជំងឺអុតស្វានោះទេ។
ករណីទាំងអស់ មានរោគសញ្ញាស្រាល។ បច្ចុប្បន្ន ក្រសួងកំពុងបង្កើនការអប់រំលើជីវិតរស់នៅមានសុខភាពល្អ និងវ៉ាក់សាំងប្រឆាំងជំងឺអុតស្វា សម្រាប់ក្រុមមានហានិភ័យខ្ពស់។
រដ្ឋាភិបាលកំពុងដាក់គោលដៅលើមនុស្សចំនួន ៥០០នាក់ ឬដូសវ៉ាសាំងចំនួន ១.០០០ដូស ហើយរហូតមកដល់ពេលនេះក្រសួង បានទៅដល់មនុស្សយ៉ាងហោចណាស់១៥៧នាក់។