
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Kirby បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែតុលា) លោកបានមើលមិនឃើញពី «ភ័ស្តុតាង» ដែលថា គ្រួសាររបស់អ្នកសារព័ត៌មាននៃប្រព័ន្ធផ្សព្វផ្សាយ Al Jazeera នៅតំបន់ហ្គាហ្សា ត្រូវបានវាយប្រហារ និងសម្លាប់ ដោយប្រទេសអ៊ីស្រាអែលនោះឡើយ ដែលនេះជាការឆ្លើយតបទៅនឹងការរាយការណ៍របស់បណ្តាញផ្សព្វផ្សាយនេះ នៅក្នុងតំបន់។
ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បានឲ្យដឹងថា ប្រពន្ធ កូនប្រុស និងកូនស្រីរបស់អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់នៅតំបន់ហ្គាហ្សា ត្រូវបានសម្លាប់ កាលពីយប់ថ្ងៃពុធ (ទី២៥ ខែតុលា) នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដោយការវាយប្រហារនោះ ត្រូវបានក្រសួងសុខាភិបាលនៃតំបន់ហ៊ុមព័ទ្ធ ដែលគ្រប់គ្រងដោយក្រុមហាម៉ាសនិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥នាក់។
តែមិនមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែល ពាក់ព័ន្ធនឹងការវាយប្រហារតាមអាកាសនោះ ដែលប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា បានធ្លាក់ចំតំបន់ដែលក្រុមគ្រួសាររបស់លោក Wael al-Dahdouh បានភៀសខ្លួនទៅជ្រកកោន បន្ទាប់ពីការព្រមានរបស់អ៊ីស្រាអែល ដែលគ្រោងនឹងធ្វើការវាយលុកផ្លូវគោក នៅតំបន់ហ្គាហ្សា។
ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បានឲ្យដឹងទៀតថា សមាជិកផ្សេងទៀតនៃគ្រួសាររបស់លោក Dahdouh ត្រូវបានកប់នៅក្រោមគំនរបាក់បែក ហើយប្រព័ន្ធផ្សព្វផ្សាយនេះ បានផ្សាយផ្ទាល់ពីរូបភាព ដែលលោក Dahdouh សម្រក់ទឹកភ្នែក នៅពេលដែលបានឃើញសមាជិកគ្រួសាររបស់ខ្លួនដេកស្លាប់ នៅឯមន្ទីរពេទ្យ៕