
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Oleksandr Kubrakov បានបដិសេធកាលពីថ្ងៃព្រហស្បតិ៍នូវរបាយការណ៍របស់ក្រុមហ៊ុនអ៊ុយក្រែន និងអង់គ្លេសដែលថា ច្រករបៀងនាំចេញសមុទ្រខ្មៅថ្មី ត្រូវបានផ្អាក។
លោក Kubrakov បាននិយាយនៅលើបណ្តាញសង្គម X ដែលជាអតីត Twitter ថា៖«ព័ត៌មានទាក់ទងនឹងការលុបចោល ឬការបញ្ឈប់ដែលមិនបានគ្រោងទុកនៃច្រករបៀងអ៊ុយក្រែនបណ្តោះអាសន្នសម្រាប់ការធ្វើដំណើររបស់នាវាស៊ីវិលពី និងទៅកាន់កំពង់ផែនៃ (តំបន់)Big Odesa គឺមិនពិត»។
«ផ្លូវដែលមានទាំងអស់ដែលបង្កើតឡើងដោយកងទ័ពជើងទឹកអ៊ុយក្រែន មានសុពលភាព និងត្រូវបានប្រើប្រាស់ដោយនាវាស៊ីវិល»។
ក្រុមហ៊ុនពិគ្រោះយោបល់វិនិយោគ (Barva Invest) ដែលមានមូលដ្ឋាននៅទីក្រុងគីវ ក្រុមហ៊ុនសន្តិសុខអង់គ្លេស Ambrey ច្រកចេញចូលពិសេស និងកំពង់ផែអ៊ុយក្រែន បានរាយការណ៍ថា អ៊ុយក្រែន បានផ្អាកការប្រើប្រាស់ច្រករបៀង ដោយសារតែការគំរាមកំហែងដែលអាចកើតមានពីយន្តហោះចម្បាំងរុស្ស៊ី និងមីនសមុទ្រ។