
តាកែវ៖ រដ្ឋបាលខេត្តតាកែវ បានរកឃើញប្រជាពលរដ្ឋរហូតដល់ ៥៥នាក់បន្ថែមទៀត បានឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ ដែលភាគច្រើនជាកម្មករកម្មការិនីរោងចក្រ និងក្រុមអាជីវករ។
តួលេខអ្នកឆ្លងកូវីដ-១៩ថ្មីនេះ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍របស់ស្នងការនគរបាលខេត្តតាកែវ លោក សុខ សំណាង ដែលផ្ញើទៅអភិបាលខេត្តតាកែវ លោក អ៊ូច ភា កាលពីថ្ងៃម្សិលមិញនេះ។
របាយការណ៍ដដែលនេះ បង្ហាញថា ករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរកឃើញលើកម្មករកម្មការិនីរោងចក្រចំនួន ២៥នាក់នៅក្នុងស្រុកសំរោង ហើយករណីឆ្លងចំនួន ១៥នាក់ទៀត ត្រូវបានរកឃើញនៅក្រុងដូនកែវ ក្នុងនោះមានអាជីវករ ១៣នាក់ កុមារីម្នាក់ និងមន្ត្រីនគរបាល ១រូប។
ចំណែកឯស្រុកព្រៃកប្បាសវិញ របាយការណ៍ដដែលនេះ បញ្ជាក់ថា បានរកឃើញប្រជាពលរដ្ឋ ៥នាក់បន្ថែមទៀតបានឆ្លងមេរោគកូវីដ-១៩ ខណៈដែលស្រុកកោះអណ្ដែត និងស្រុកគិរីវង់ រកឃើញពលរដ្ឋ ៣នាក់ទៀតឆ្លងមេរោគកូវីដ-១៩នៅក្នុងស្រុកនីមួយៗ។
ចំណែកស្រុកបាទី និងស្រុកត្រាំកក់ នគរបាលខេត្តតាកែវបញ្ជាក់ថា បានរកឃើញករណីឆ្លងថ្មី ២នាក់បន្ថែមទៀតនៅក្នុងស្រុកនីមួយៗ៕