
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយថា រថយន្តដឹកទំនិញចំនួន៨គ្រឿងផ្សេងទៀត ដែលដឹកអាហារ ឱសថ និងទឹក ត្រូវបានគេរំពឹងថា នឹងឆ្លងកាត់ចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នៅថ្ងៃសុក្រនេះ ដោយសារតែការរួមបញ្ចូលគ្នានៃបញ្ហាបច្ចេកទេស នយោបាយ និងសន្តិសុខ កំពុងរារាំងការដឹកជញ្ជូន។
លោក Lynn Hastings អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់UN សម្រាប់ដែនដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងហ្សឺណែវថា៖«យើងបានទទួលរថយន្តប្រហែល ៧៤គ្រឿង។ យើងរំពឹងថា នឹងមាន៨គ្រឿងផ្សេងទៀតឬច្រើនជាងនេះ នៅថ្ងៃនេះ»។
លោក Hastings បាននិយាយថា ការចរចាលម្អិត កំពុងធ្វើឡើងជាមួយអ៊ីស្រាអែល ក្នុងគោលបំណងធានាបាននូវការឆ្លងកាត់មនុស្សធម៌បន្ថែមទៀតនៅក្នុងតំបន់ ដែលមានប្រជាជនរស់នៅច្រើន ដែលត្រូវរង ការវាយប្រហារតាមអាកាសដែលឥតឈប់ឈរ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារគួរឲ្យភ្ញាក់ផ្អើលដោយក្រុមខ្មាន់កាំភ្លើងក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។
លោក បាននិយាយទៀតថា៖ បន្ថែមពីលើបញ្ហាបច្ចេកទេស និងបញ្ហាសន្តិសុខ ក៏មានបញ្ហានយោបាយផងដែរ «និងមានសម្ពាធមួយចំនួនលើរដ្ឋាភិបាលអ៊ីស្រាអែលទាក់ទងនឹងនយោបាយក្នុងស្រុករបស់ខ្លួន»។