
ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យមួយ ក្នុងតំបន់ហ្គាហ្សា និយាយថា ពួកគេអាចទទួលយកបានតែករណីអ្នកជំងឺធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវវះកាត់ប៉ុណ្ណោះ ខណៈដែលគ្រែមន្ទីរពេទ្យ និងគ្រែក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ពេញទៅដោយអ្នករបួសនៃសង្គ្រាមដែលកំពុងបន្តមាន នៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ។
វេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់ លោក Hamouda Shath បាននិយាយថា៖ «មិនមានគ្រែបន្ថែមទៀត សម្រាប់អ្នករបួសថ្មីទេ។ ឥឡូវនេះ មិនមានគ្រែ ដែលនៅទំនេរ ក្នុងបន្ទប់ ICU ទេ»។
ដោយមន្ទីរពេទ្យនានាអស់ប្រេងឥន្ធនៈ ដើម្បីចាក់បញ្ឆេះម៉ាស៊ីនភ្លើងរបស់ខ្លួននោះ ក្រុមគ្រូពេទ្យបានព្រមានថា ឧបករណ៍សំខាន់ៗ ដូចជា ឧបករណ៍កម្ដៅទារកទើបនឹងកើត ប្រឈមនឹងហានិភ័យនៃការបញ្ឈប់ដំណើរការ។
ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រចំនួន ៤០កន្លែង បានផ្អាកប្រតិបត្តិការ ខណៈដែលការទម្លាក់គ្រាប់បែក និងការផ្លាស់ទីលំនៅ កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធសុខាភិបាល។
អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាជាច្រើនសប្តាហ៍លើតំបន់ហ្គាហ្សាស្ទ្រីប ដែលមានប្រជាជនរស់នៅយ៉ាងកកកុញ បន្ទាប់ពីមានការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលបីថ្ងៃទី ៧ ខែតុលា លើសហគមន៍នានារបស់អ៊ីស្រាអែល ដែលប្រទេសនេះប្រាប់ថា បានសម្លាប់មនុស្សប្រហែល ១.៤០០នាក់។ ចំណែកក្រសួងសុខាភិបាលរបស់តំបន់ហ្គាហ្សា បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែតុលា) ថា ជនជាតិប៉ាឡេស្ទីនចំនួន ៧.០២៨នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមអាកាសនេះ ក្នុងនោះរួមទាំងកុមារចំនួន ២.៩១៣នាក់ផងដែរ៕