
គ្រួសាររាជវង្សរបស់ប្រទេសម៉ាឡេស៊ី នៅថ្ងៃសុក្រ (ទី២៧ ខែតុលា) បានបោះឆ្នោតជ្រើសរើសព្រះអង្គម្ចាស់ Ibrahim Sultan Iskandar ដែលជាឥស្សរជនដ៏មានឥទ្ធិពល និងជាអ្នកនាំពាក្យ ពីភាគខាងត្បូងរដ្ឋ Johor ជាព្រះមហាក្សត្របន្ទាប់របស់ប្រទេស។
ព្រះអង្គម្ចាស់ Sultan Ibrahim នឹងឡើងស្នងរាជ្យបន្តពីព្រះមហាក្សត្របច្ចុប្បន្ន Al-Sultan Abdullah នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ នេះបើតាមមន្ត្រីពីព្រះបរមរាជវាំង នៅក្នុងសេចក្តីថ្លែងការណ៍។
ព្រះមហាក្សត្រ មានព្រះរាជតួនាទីយ៉ាងសំខាន់ នៅក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែរបបរាជានិយម កាន់តែមានឥទិ្ធពលខ្លាំងបន្ថែមទៀត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារអស្ថិរភាពនយោបាយអូសបន្លាយ ដែលបានជំរុញឲ្យក្សត្រគ្រងរាជ្យប្រើអំណាចឆន្ទានុសិទ្ធិដ៏កម្ររបស់ព្រះអង្គ។
សូមបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីមានប្រព័ន្ធពិសេសមួយ ដែលព្រះប្រមុខនៃរាជវង្សានុវង្សទាំង៩ ប្តូរវេនឡើងគ្រងរាជសម្បត្តិ សម្រាប់អាណត្តិ ៥ឆ្នាំ។ ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ គឺជាប្រទេសប្រជាធិបតេយ្យសភានិយម ដែលមានព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ៕