
វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី២៧ ខែតុលា) បានលើកឡើងថា ប្រទេសរុស្ស៊ី ជឿថា មានភាពចាំបាច់ខ្លាំងណាស់ ក្នុងការបន្តមានទំនាក់ទំនងជាមួយគ្រប់ភាគីទាំងអស់ នៅក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយនិយាយការពារការសម្រេចចិត្ត ក្នុងការអញ្ជើញគណៈប្រតិភូហាម៉ាសទៅកាន់ទីក្រុងម៉ូស្គូ ជាអ្វី ដែលបានជំរុញឲ្យអ៊ីស្រាអែលខឹងសម្បា។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា គណៈប្រតិភូហាម៉ាស បានជួបជាមួយអ្នកតំណាងនៃក្រសួងការបរទេសរុស្ស៊ី ប៉ុន្តែមិនមានការជួបប្រាស្រ័យទាក់ទងជាមួយវិមានក្រឹមឡាំងនោះទេ។
ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែតុលា) បានជំរុញរុស្ស៊ីឲ្យបណ្ដេញគណៈប្រតិភូក្រុមហាម៉ាស ដែលកំពុងធ្វើទស្សនកិច្ច ដោយហៅការអញ្ជើញទៅកាន់ទីក្រុងម៉ូស្គូនោះថា ជារឿងមិនអាចទទួលយកបានទាល់តែសោះ៕