
នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បានប្រាប់វិទ្យុរដ្ឋហុងគ្រី នៅថ្ងៃសុក្រ (ទី២៧ តុលា) នេះថា យុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប (EU) ពាក់ព័ន្ធនឹងសង្គ្រាម នៅប្រទេសអ៊ុយក្រែន «បានបរាជ័យ» ហើយប្លុកគួរតែបង្កើតផែនការ B ខណៈដែលកងទ័ពអ៊ុយក្រែន នឹងមិនឈ្នះនៅខ្សែត្រៀមជួរមុខនោះទេ។
ដោយថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូលរបស់ EU នៅឯទីក្រុងប៊្រុចសែល លោក Orban បាននិយាយថាមាន «ការយល់ឃើញខុសគ្នាដ៏ធំមួយ» ជាពិសេសពាក់ព័ន្ធដល់ការគាំទ្រ សម្រាប់អ៊ុយក្រែន។ លោក Orban បាននិយាយថា លោកមើលមិនឃើញពីហេតុផល ដែលតម្រូវឲ្យប្រទេសហុងគ្រីបញ្ជូនប្រាក់របស់អ្នកបង់ពន្ធរបស់ប្រទេស ដើម្បីគាំទ្រដល់អ៊ុយក្រែននោះ។
EU គ្រោងនឹងធ្វើការសម្រេចក្នុងខែធ្នូ ជុំវិញការពិនិត្យឡើងវិញនូវថវិកាឆ្នាំ២០២១-២០២៧ របស់ខ្លួនដែលមានតម្លៃ ១,១សែនកោដិអឺរ៉ូ (១,២សែនកោដិដុល្លារ) ដែលមានភាពប្រទាំងប្រទើសគ្នារួចហើយ ដោយសារការចំណាយបន្ទាន់ អំឡុងជំងឺរាតត្បាតកូវីដ-១៩ និងចាប់តាំងពីប្រទេសរុស្ស៊ីបានលុកលុយអ៊ុយក្រែន ក្នុងឆ្នាំ២០២២។
នាយកប្រតិបត្តិរបស់ប្លុកនេះ បានស្នើឲ្យរដ្ឋសមាជិកដាក់បញ្ចូលបន្ថែមទៀត ចំពោះទឹកប្រាក់រួមគ្នានេះ ដើម្បីផ្តល់ ៥០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងចំណាយ ១៥ពាន់លានអឺរ៉ូទៀត លើកម្មវិធីជនអន្តប្រវេសន៍។ ចំណែកសំណើមួយទៀត នឹងបែងចែក ២០ពាន់លានអឺរ៉ូជាជំនួយយោធា សម្រាប់អ៊ុយក្រែន៕